លោក កែវ រ៉េមី ៖ ជនជាតិថៃ កំពុងជាប់ពន្ធនាគារ នៅកម្ពុជា ត្រូវបានការពារត្រឹមត្រូវ
ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងថា កម្ពុជាមិនដែលរើសអើង ចំពោះជនជាតិថៃ ដែលកំពុងជាប់ពន្ធនាគារ នៅកម្ពុជាឡើយ ដោយបានការពារត្រឹមត្រូវ និងគ្មានអំពើហិង្សាលើពួកគេ ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពី ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ លោក កែវ រ៉េមី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរក្សាគោលជំហរ ដ៏ច្បាស់លាស់ដោយមិនរើសអើង ទោះបីជាកម្ពុជាកំពុងប្រឈម នឹងវិបត្តិជម្លោះព្រំដែនជាមួយប្រទេសថៃក៏ដោយ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អនុសាសន៍ ណែនាំដល់មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទៅឱ្យគោរព អនុវត្តច្បាប់ជាធរ មានយ៉ាងម៉ឺងម៉ាត់ ដោយមិនត្រូវរើសអើង មិនប្រើអំពើហិង្សា ឬបង្កគ្រោះថ្នាក់ណាមួយចំពោះប្រជាជន ពលករ ឬអ្នកជំនួញជនជាតិថៃកំពុងរស់នៅ និងបំពេញការងារនៅកម្ពុជា ។
លោកទេសរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា លើសពីនេះទៅទៀត ជនជាតិថៃដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ក៏ទទួលបានការធានាសុវត្ថិភាព និងការពារយ៉ាងត្រឹមត្រូវ ដោយគ្មានអំពើហិង្សាណាមួយឡើយ។
លោក កែវ រ៉េមី បន្ថែមថា ទាំងនេះ បង្ហាញយ៉ាងច្បាស់ ពីការគោរពតម្លៃមនុស្សជាតិ និងការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងការ រក្សាសន្តិភាព និងសហអភិវឌ្ឍជាមួយប្រទេសជិត ខាងដែលផ្ទុយពីរដ្ឋាភិបាលថៃដែលតែងអះអាងថា ជាប្រទេសស៊ីវិល័យ និងគោរពច្បាប់អន្តរជាតិ ប៉ុន្តែបានប្រព្រឹត្តសកម្មភាពឈ្លានពាន និងអំពើល្មើសច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ អន្តរជាតិគ្រប់បែបយ៉ាង រួមមាន ៖ ការបិទច្រកព្រំដែន ដោយឯកតោភាគី , ការចាប់ខ្លួន ទាហានខ្មែរ២០នាក់ ដោយខុសច្បាប់ , ការរំលោភបូកលើពលការិនីកម្ពុជា , ការប្រើអំពើហិង្សាលើ ពលករខ្មែរដែលរស់នៅក្នុងប្រទេសថៃ , ការប្រើប្រាស់សំឡេង រំខានដោយហ្រ្វេកង់ខ្ពស់ , ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធត្រូវបានហាមឃាត់ និងការបាញ់ប្រហារលើជនស៊ីវិល និងទីសាធារណៈជាដើម ។
ទន្ទឹមនេះ ទេសរដ្ឋមន្រ្តីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមរយៈវិធានការការទូត និងច្បាប់ ព្រមទាំងយន្ដការនានាទាំងកម្រិតតំបន់អាស៊ាន និងអន្តរជាតិ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយបានចេញញត្តិប្តឹងតវ៉ា សេចក្តីថ្លែងការណ៍ ការថ្កោលទោស និងលិខិតផ្សេងៗសរុបចំនួន ៦០ ព្រមទាំងបានទៅបំពេញបេសកកម្មសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយបានជួបពិភាក្សាទ្វេភាគីផ្សេង ៗចំនួន ២៩ ជំនួបផងដែរ ៕
