ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ណែនាំមន្រ្តីរាជការ នៃទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យផ្លាស់ប្តូរឥរិយាបថ ក្នុងការបំពេញការងារ

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ឱ្យផ្លាស់ប្តូរឥរិយាបថ ក្នុងការបំពេញការងារ ដោយឈរលើគោលការណ៍ 3H (Head, Heart, Hand) សំដៅបង្កើនផលិតភាព គុណភាព និងសមិទ្ធកម្មការងារ។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ទីស្តីការ គណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក វង្សី វិស្សុត បានថ្លែងថា «ដូចនេះ យើងមិនអាចធ្វើការ ដូចទម្លាប់ធម្មតាពីមុនមកបានទេ ពោលគឺយើងទាំងអស់គ្នាត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ចេះឈឺឆ្អាល ចែករំលែក និងចេះហ៊ានលះបង់ឱ្យលើសពីធម្មតា ដើម្បីប្រទេសជាតិ និងត្រូវបន្តខិតខំបំពេញការងារតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវវិន័យការងារ ដោយរួមទាំងការគោរពម៉ោងពេលធ្វើការងារ និងរបបសុំច្បាប់ឈប់សម្រាកជាដើម»។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃអង្គភាពក្រោមឱវាទ ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញមុខងារនិងភារកិច្ច ដោយសម្រេចបាននូវសមិទ្ធផលលេចធ្លោសំខាន់ៗ ជូនប្រទេសជាតិ និងប្រជាជន ក្នុងរយៈពេលកន្លងមក។

លោក ក៏បានថ្លែងអំណរគុណចំពោះការចូលរួម ស្តាប់របាយការណ៍ សមិទ្ធផលការងារ បញ្ហាប្រឈម ព្រមទាំងបញ្ហាពាក់ព័ន្ធនឹងការបំពេញ មុខងារនិងបេសកកម្មរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ពិសេសលើមូលបទ និងប្រធានបទនៃសន្និបាត ព្រមទាំងការ ចូលរួមជាទស្សនៈ និងធាតុចូលសំខាន់ៗ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ច និងការកែទម្រង់ស្ថាប័ន គោលការណ៍ក្នុងការកសាងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្នើគ្រប់តំណាងក្រសួង ស្ថាប័ន ឱ្យបង្កើនកិច្ចសហការកាន់តែសកម្ម លើការអនុវត្តមុខងារស្នូល និងមុខងារសម្របសម្រួលរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ពិសេសលើការងារកែទម្រង់ច្បាប់ និងការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ព្រមទាំងការពង្រឹងគុណភាពនៃការអនុវត្ត RIA ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ សំដៅចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ កម្មវិធីគោលនយោបាយអាទិភាព និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល៕

To Top