ការសន្និដ្ឋានជំហានបឋម៖ សៀមអាចប្រេីប្រាស់ គ្រាប់បែកចង្កោម ប្រមាណ១២ទៅ១៣មុឺនគ្រាប់ បាញ់មកលេីបូរណភាពទឹកដីកម្ពុជា
ភ្នំពេញ៖ តាមលទ្ធផលស្រាវជ្រាវ របស់ក្រុមជំនាញស៊ីម៉ាក់ បានសន្និដ្ឋាន ជាជំហានបឋម ថា សៀមអាចប្រេីប្រាស់ គ្រាប់បែកចង្កោមកាំភ្លេីងធំ ប្រភេទ155MM មានចំនួនប្រមាណ១២០.០០០ទៅ១៣០.០០០គ្រាប់ ដែលមានកូនគ្រាប់បែកចង្កោម ប្រមាណពី៦លានទៅ៧លានគ្រាប់ បាញ់មកលេីបូរណភាពទឹកដីកម្ពុជា ។

តាមរយៈសំណេររបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា គ្រាប់បែកចង្កោម ដែលទាហ៊ានសៀមបានប្រេីប្រាស់ បាញ់មកលេីបូរណភាពទឹកដីកម្ពុជា មាន៣ប្រភេទសំខាន់គឺ M42 M46 និង M85 តាមលទ្ធផលស្រាវជ្រាវ របស់ក្រុមជំនាញអង្គភាពCMAC នៅតំបន់រងផលប៉ះពាល់ ចំនួន៣៧១ភូមិ នៃខេត្ត៦តាមបណ្តោយព្រំដែនខ្មែរ-សៀម រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងនោះ កំណត់តំបន់ រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមចំនួន ប្រមាណ៣.៦០០ពហុកោណ (ទីតាំង) មានផ្ទៃដីសរុបប្រមាណ២.៣៦០គីឡូម៉ែត្រក្រឡា។

លោក ហេង រតនា បន្ថែមថា គ្រាប់បែកចង្កោមទាំងនេះ បាញ់ផ្លោងមកលេីភូមិឋានប្រជាពលរដ្ឋ ដីស្រែចម្ការ សាលារៀន មន្ទីរពេទ្យ តំបន់សុីវិល និងទីតាំងកងទ័ពជាដេីម។

លោកបញ្ជាក់ថា «បេីផ្អែកតាមលក្ខណៈបច្ចេកទេស នៃការស្រាវជ្រាវកំណត់អត្តសញ្ញាណតំបន់ រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម ប្រភេទស៊េរីMនេះ អាចធ្វេីការសន្និដ្ឋានជំហានបឋមថា សៀមអាចប្រេីប្រាស់គ្រាប់បែកចង្កោមកាំភ្លេីងធំ ប្រភេទ155MM មានចំនួនប្រមាណ១២០.០០០ ទៅ១៣០.០០០គ្រាប់ ដែលមានកូនគ្រាប់បែកចង្កោមប្រមាណពី៦លានទៅ៧លានគ្រាប់។ការស្រាវជ្រាវមូលដ្ឋាន មិនទាន់បញ្ចប់ទាំងស្រុងនៅឡេីយទេ ។

សូមបញ្ជាក់ថា គ្រាប់បែកចង្កោមប្រភេទស៊េរីM មានប្រេីប្រាស់ក្នុងសង្គ្រាមនៅប្រទេសមួយចំនួនដូចជានៅលីបង់ សុីរី អ៊ុយក្រែន និងយេមែន ជាដេីម៕



