ព័ត៌មានអន្តរជាតិ

មេដឹកនាំហេសបូឡា​ បដិសេធការចរចាជាមួយអ៊ីស្រាអែល ហើយសន្យាថា​ នឹងបន្តការតស៊ូ

បេរូត៖ មេដឹកនាំហេសបូឡា លោក Naim Qassem បានប្រកាសថាថា ក្រុមសកម្មប្រយុទ្ធបានបដិសេធការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ហើយនឹងបន្ត «ការតស៊ូ» របស់ខ្លួន ខណៈដែលឯកអគ្គរដ្ឋទូតមកពីប្រទេសលីបង់ និងអ៊ីស្រាអែល​ បានត្រៀមខ្លួនសម្រាប់កិច្ចចរចានៅទីក្រុងវ៉ាស៊ីនតោន។

លោក Qassem បានឧ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅលើទូរទស្សន៍ al-Manar ថា «យើងនឹងស្ថិតនៅក្នុងសមរភូមិរហូតដល់ដង្ហើមចុងក្រោយរបស់យើង»។

លោក Qassem បានលេីកឡេីងថា «ការឈ្លានពានរបស់អ៊ីស្រាអែល​ ដែលគាំទ្រដោយសហរដ្ឋអាមេរិក» គឺប្រឆាំងនឹងប្រទេសលីបង់ទាំងមូល មិនត្រឹមតែហេសបូឡាប៉ុណ្ណោះទេ។ លោកបានបន្ដថា ក្រុមនេះ និងអ្នកគាំទ្ររបស់ខ្លួនបានបង្ហាញភាពរឹងមាំទោះបីជាមានការខាតបង់ និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរក៏ដោយ។

លោកបានចោទប្រកាន់អ៊ីស្រាអែលថាមិនបានគាំទ្រកិច្ចព្រមព្រៀងឈប់បាញ់ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានន័យថាបញ្ឈប់ការប្រយុទ្ធ និងធានាការដកទ័ពចេញពីទឹកដីលីបង់។

កិច្ចព្រមព្រៀងឆ្នាំ២០២៤ បានបញ្ចប់ជម្លោះរយៈពេល១៥ខែរវាងអ៊ីស្រាអែល និងហេសបូឡា។ ខណៈពេលដែលអរិភាពធំៗបានបញ្ឈប់ ភាគីទាំងពីរតែងតែចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភបំពាន។

អ៊ីស្រាអែលបានឧ្យដឹងថា ក្រុមហេសបូឡាបានបរាជ័យក្នុងការដកហូតអាវុធ ខណៈដែលក្រុមហេសបូឡា​ បានឧ្យដឹងថា កងកម្លាំងអ៊ីស្រាអែល​ នៅតែស្ថិតនៅក្នុងប្រទេសលីបង់ ទោះបីជាមានថ្ងៃផុតកំណត់នៃការដកទ័ពចេញក៏ដោយ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top