ពិធីដាំដើមដូងប្រេង ជុំទី២ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ម៉ុង ឬទ្ធី វិនិយោគទុន ដំណាំដូងប្រេងកម្ពុជា ត្រូវបានប្រារព្ធឡើង យ៉ាងឱឡារិក
ព្រះសីហនុ ៖ ក្រុមហ៊ុន ម៉ុង ឬទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជា បានរៀបចំពិធីដាំដើមដូងប្រេងជុំទី២ ប្រចាំឆ្នាំ២០២៦ របស់ខ្លួន ស្ថិតនៅភូមិភ្នំតូច ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រកបដោយបរិយាកាសរីករាយ និងផ្លែផ្កា។

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៥ ព្រមទាំង លោកស្រី ម៉ែន ស៊ុន ម៉ុង ឬទ្ធី ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិក កម្មករនិយោជិតនៃក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។

គម្រោងវិនិយោគ និងការបន្តដាំដុះជុំទី២នេះ មិនត្រឹមតែបង្ហាញ ពីការរីកចម្រើន និងនិរន្តរភាពក្នុងវិស័យ កសិឧស្សាហកម្មរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី នោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់ និងឆ្លើយតបទៅនឹង តម្រូវការទីផ្សារដូងប្រេង ទាំងក្នុងស្រុក និងការនាំចេញទៅ ក្រៅប្រទេសផងដែរ ៕




