ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការរុញច្រានគម្រោងគ្រប់គ្រង ធនធានទឹកចម្រុះហ្វូណនតេជោ ឱ្យសម្រេចបានជោគជ័យ
តាកែវ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរុញច្រានគម្រោងនេះឱ្យសម្រេចបានជោគជ័យ តាមផែនការបានកំណត់ ។

ការលេីករបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូ អន្តរក្រសួង ចុះពិនិត្យវឌ្ឍនភាពការអនុវត្តការងារសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅត្រង់ទីតាំង ដែលស្ថិតនៅក្នុងភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦។
ការចុះបំពេញបេសកកម្មការងារនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាព ការអនុវត្តការងារសាងសង់ ដែលកំពុងបោះជំហានក្នុងទិសដៅវិជ្ជមាន និងសំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារខ្ពស់ទៅតាមផែនការដែលបានគ្រោងទុក ព្រមទាំងស្របតាមបទដ្ឋានបច្ចេកទេស ដែលបានកំណត់។

តាមរយៈការចុះពិនិត្យនេះដែរ គណៈប្រតិភូបានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសគ្រប់ផ្នែក ដែលបាននិងកំពុងបំពេញ ភារកិច្ចការងារយ៉ាងសស្រាក់សស្រាំ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ នៃគណៈកម្មាធិការពិសេស បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរុញច្រានគម្រោងនេះឱ្យសម្រេចបានជោគជ័យតាមផែនការដែលបានកំណត់ ដើម្បីបានជាឧត្តមប្រយោជន៍ជាតិក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច តាមរយៈការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ ឱ្យកាន់តែមានសក្តានុពល និងមានភាពប្រកួតប្រជែងខ្ពស់ ៕
