សម្តេចតេជោ ៖ ថ្នាក់ដឹកនាំកម្ពុជាមួយចំនួន បានសិក្សា និងបញ្ចប់ការសិក្សានៅហុងគ្រី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាមានប្រសាសន៍ថា មានថ្នាក់ដឹកនាំកម្ពុជាមួយចំនួនបានទៅសិក្សា និងបញ្ចប់ការសិក្សានៅក្នុងប្រទេសហុងគ្រី ហើយកំពុងបម្រើការងារនៅកម្ពុជា ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយសម្តេចតេជោ អនុញ្ញាតឱ្យលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ថា សម្ដេចតេជោបានលើកឡើងថា ទោះបីជាហុងគ្រី និងកម្ពុជានៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធខ្លាំងណាស់។ មកដល់ពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានអាយុកាល៧០ឆ្នាំហើយ ដែលជាទំនាក់ទំនងមួយដ៏យូរអង្វែងមកជាមួយគ្នា។

សម្ដេចតេជោក៏បានរំលេចបន្ថែមដែរថា ហុងគ្រីបានចូលរួមជាចំណែកយ៉ាងសំខាន់ នៅក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្ស របស់កម្ពុជាដែលមកដល់ពេលនេះ មានថ្នាក់ដឹកនាំកម្ពុជាមួយចំនួនបានទៅសិក្សា និងបញ្ចប់ការសិក្សានៅក្នុងប្រទេសហុងគ្រី និងកំពុងតែធ្វើការនៅក្នុងប្រទេសកម្ពុជា ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលេចផងដែរថា ហុងគ្រីជាប្រទេសមួយដែលសម្ដេចធ្លាប់ទៅបំពេញទស្សនកិច្ចច្រើនជាងគេ ក្នុងចំណោមប្រទេសដែលសម្ដេច បានអញ្ជើញទៅ ពោលគឺតាំងពីសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស ហើយថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។

សម្ដេចប្រមុខរដ្ឋស្តីទីក៏បានរំលឹកទៀតថា កាលពីឆ្នាំ២០១៩ កន្លងទៅ សម្ដេចតេជោក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសហុងគ្រី ហើយក្រោយមកប្រធានាធិបតីរបស់ហុងគ្រីក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាដែរ ។ នេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ បើទោះបីជាឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ប៉ុន្តែគឺមានភាពជិតស្និទ្ធ៕





