ព័ត៌មានជាតិ

សាកលវិទ្យាល័យបៀលប្រាយ ចុះ MOU ជាមួយ និយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីគ្រប់គ្រងហានិភ័យដល់និស្សិត និងសាធារណជន

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យបៀលប្រាយ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការជាមួយ និយ័តករធានារ៉ាប់រងកម្ពុជា (IRC) ក្នុងគោលបំណងដើម្បីគ្រប់គ្រងហានិភ័យដល់និស្សិត និងសាធារណជនទូទៅ។

សូមបញ្ជាក់ថា គោលបំណងសំខាន់ៗ នៃកិច្ចសហការរវាង សាកលវិទ្យាល័យបៀលប្រាយ និងនិយ័តករធានារ៉ាប់រងកម្ពុជា រួមមាន៖

ទី១- ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលាយអំពីវិស័យធានារ៉ាប់រង អត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការគ្រប់គ្រងហានិភ័យដល់និស្សិត និងសាធារណជនទូទៅ។

ទី២- ដើម្បីចូលរួមអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សដែលមានទេពកោសល្យនាពេលអនាគត ព្រមទាំងជំរុញចំណេះដឹង ការអភិវឌ្ឍវិជ្ជាជីវៈ និងនវានុវត្តន៍នៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា។

ទី៣- ដើម្បីបង្កើតឱកាសដ៏មានតម្លៃសម្រាប់និស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ តាមរយៈការរៀបចំសកម្មភាពរួមគ្នាដូចជា វគ្គបណ្តុះបណ្តាល សិក្ខាសាលា វេទិកា ការចុះកម្មសិក្សា និងការចុះហាត់ការ។

និងទី៤- ដើម្បីពង្រឹងកិច្ចសហការ និងជំនាញរវាងគ្រឹះស្ថានឧត្តមសិក្សា និងវិស័យធានារ៉ាប់រង ដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ស្ថាប័នទាំងពីរ ព្រមទាំងចូលរួមចំណែកដល់ការរីកចម្រើននៃឧស្សាហកម្មធានារ៉ាប់រង និងសេដ្ឋកិច្ចជាតិ៕

To Top