រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី មិនមែនគ្រាន់តែពង្រីកម៉ោងទស្សនាកម្សាន្តទេ ប៉ុន្តែជាការបង្កើនចំណូលដល់ពលរដ្ឋ
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី មិនមែនគ្រាន់តែជាការពង្រីកម៉ោង ទស្សនាកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ ពង្រីកសកម្មភាពសេដ្ឋកិច្ច និងជំរុញសកម្មភាពអាជីវកម្ម នៅក្នុងសហគមន៍ ។
ការថ្លែងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ នូវសេវាកម្មកម្សាន្តទេសចរណ៍ពេលរាត្រី របស់សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ។

ការដាក់ឱ្យដំណើរការជាផ្លូវការ នូវសេវាកម្មកម្សាន្តទេសចរណ៍ពេលរាត្រី របស់សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក្នុងគោលបំណងជំរុញសក្តានុពលទេសចរណ៍ នៅតំបន់ប្រាសាទបាគង តាមរយៈការតភ្ជាប់ការទសន្សនាប្រាសាទ និងទេសភាពជនបទ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តឱ្យបានកាន់តែច្រើនឡើង និងស្នាក់នៅកាន់តែយូរនៅក្នុងខេត្តសៀមរាប។
ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរស្រុកប្រាសាទបាគង អាជ្ញាធរពាក់ព័ន្ធទាំងអស់, លោកប្រធានសហគមន៍, គណៈគ្រប់គ្រងសហគមប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលបានរួមសហការគ្នាយ៉ាងសកម្ម រហូតធ្វើឱ្យគម្រោងទេសចរណ៍ពេលរាត្រី ក្នុងសហគមន៍នេះលេចចេញជារូបរាង ដែលជាសេវាកម្មទេសចរណ៍ថ្មី របស់សហគមន៍ទើបនឹងបង្កើតឡើង។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់វិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយ ដែលចាត់ទុកថា «ជាមាសបៃតង» សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ ជាពិសេស រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដោយទទួលស្គាល់ថា សហគមន៍ គឺជាឆ្អឹងខ្នងដ៏សំខាន់មួយ នៃការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព។
ជាមួយគ្នានេះ លោកមរដ្ឋមន្រ្តី ក៏ជូនជម្រាបជូនបន្ថែមថា សមិទ្ធផលនៃសេវាកម្មទេសចរណ៍ថ្មី របស់សហគមន៍បាគងភូមិខ្ញុំនៅថ្ងៃនេះ ពិតជាឆ្លើយតបបាននឹង គោលបំណងរបស់រាជរដ្ឋាភិបាល ដែលបានអនុញ្ញាតជាគោលការណ៍ ឱ្យបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា សំដៅជំរុញសកម្មភាពទេសចរណ៍នាពេលរាត្រី ឱ្យបានកាន់តែសម្បូរបែប, បង្កើនការទាក់ទាញភ្ញៀវទេសចរបន្ថែម និងពន្យាការស្នាក់នៅរបស់ភ្ញៀវទេសចរ៕

