សម្ដេចធិបតី ៖ ការវិនិយោគនៅកម្ពុជា គឺជាឱកាសក្នុងការបោះជំហាន ឈានចូលទៅក្នុងខ្សែច្រវាក់ ផ្គត់ផ្គង់ផលិតផល ទៅកាន់តំបន់ និងពិភពលោក
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ការវិនិយោគនៅកម្ពុជា គឺជាឱកាសក្នុងការបោះជំហានឈានចូល ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ផលិតផលទៅកាន់តំបន់ និងពិភពលោក ដោយសារកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី និងតំបន់ ។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង(CGCC) និងសម្ព័ន្ធសហគ្រិនតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) ដែលមានចំនួនប្រមាណជា ២០ក្រុមហ៊ុន ដែលដឹកនាំដោយលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធាន CGCC និងជាប្រធាន GBA Alliance ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួបនេះ គណៈប្រតិភូCGCC និង GBA Alliance បានសម្ដែង នូវចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យនៅកម្ពុជា និងបានបង្ហាញជំនឿទុកចិត្តយ៉ាងមុតមាំ ចំពោះឱកាសការវិនិយោគនៅកម្ពុជា។

គណៈប្រតិភូ បានជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចធុរកិច្ចមកកាន់កម្ពុជា នាឱកាសនេះ គឺដើម្បីស្វែងយល់ពីកាលានុវត្តភាព ក្នុងការវិនិយោគលើវិស័យសក្ដានុពលសំខាន់ៗ ជាច្រើននៅកម្ពុជា ដែលរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ, ធនាគារ និងហិរញ្ញវត្ថុ, បច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត,ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce), ថាមពល, ការដឹកជញ្ជូននិងឡូជីស្ទីក, អាកាសចរណ៍, កសិកម្ម, អប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសុខាភិបាល។

ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែង នូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ ក្នុងការស្វែងរកឱកាសវិនិយោគ លើវិស័យសក្តានុពលនៅកម្ពុជា។ សម្តេចធិបតី បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់វិនិយោគិន, ការកែទម្រង់ស្ថាប័ន, ការធ្វើសាមញ្ញកម្មនីតិវិធីនានា ព្រមទាំងការផ្តល់ការលើកចិត្តផ្នែកពន្ធដារ លើវិស័យសក្តានុពលមួយចំនួន សំដៅធានាភាពរីកចម្រើន និងជោគជ័យរបស់វិនិយោគិននៅកម្ពុជា។
ជាមួយគ្នានេះ សម្ដេចធិបតីបានបន្តថា រាជរដ្ឋាភិបាលប្ដេជ្ញានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែកឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការតភ្ជាប់ផ្លូវអាកាស ជាមួយអន្តរជាតិ សំដៅកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូន។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធានានូវបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពធន់, ភាពប្រកួតប្រជែង, និងសុខសុវត្ថិភាព។

សម្ដេចធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូCGCC និង GBA Alliance ឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងឧ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីចាប់យកឱកាសក្នុងការវិនិយោគ ជាក់ស្ដែងនៅកម្ពុជា៕
