លោក ប៉ែន បូណា ៖ សម្តេចតេជោ មិនត្រឹមតែជាស្ថាបនិកសន្តិភាព សម្រាប់កម្ពុជា តែជាស្ថាបនិកសន្តិភាព សម្រាប់ពិភពលោក
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា មិនត្រឹមតែជាស្ថាបនិក និងប្រតិបត្តិករសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេចគឺជាស្ថាបនិកសន្តិភាព សម្រាប់ពិភពលោកទាំងមូល ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ក្នុង«ទិវាសន្តិភាពអន្តរជាតិ» កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាប្រារព្ធឡើងក្រោមប្រធានបទ វិនិយោគលើសន្តិភាព៖ សម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។
លោកថា នេះមិនមែនជារឿងចៃដន្យទេ ដែលសន្តិភាពបានក្លាយជាមូលបទ នៃគ្រប់វេទិកាអន្តរជាតិធំៗបែបនេះ ប៉ុន្តែវាសបញ្ជាក់ពីសារៈសំខាន់ និងភាពចាំបាច់ ដែលពិភពលោក ត្រូវតែផ្តោតការយកចិត្តទុកដាក់ និងវិនិយោគលើសន្តិភាព ហើយដែលបេសកកម្មនេះកម្ពុជា បានធ្វើតាំងពីច្រើនទសវត្សរ៍មកហើយ និងបានសម្រេចជោគជ័យទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។
អ្នកនាំពាក្យបញ្ជាក់ថា “មកដល់ត្រឹមនេះ គេពិតជាអាចនិយាយបានថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាស្ថាបនិក និងប្រតិបត្តិករសន្តិភាព សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ សម្តេចគឺជាស្ថាបនិកសន្តិភាព សម្រាប់ពិភពលោកទាំងមូល ពីព្រោះអ្វីដែលសម្តេចបានធ្វើ និងបានលះបង់ដើម្បីសន្តិភាព នៅកម្ពុជា គឺជាអ្វីដែលពិភពលោកកំពុងត្រូវការបំផុតនាពេលនេះ” ។
លោក ប៉ែន បូណាបន្ថែមថា សរុបមក សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការសន្ទនា ការដោះស្រាយទំនាស់ដោយសន្តិវិធី និងការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន តាមរយៈនយោបាយឈ្នះឈ្នះ គឺជាបទពិសោធន៍ផ្ទាល់ និងយ៉ាងច្បាស់លាស់របស់កម្ពុជា។ នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា តែងតែផ្តល់តម្លៃខ្ពស់បំផុតដល់សន្តិភាព និងការដោះស្រាយទំនាស់ដោយសន្តិវិធី ។ ក្នុងនោះក៏មានការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃផងដែរ ៕
