យូនីសេហ្វ ប្ដេជ្ញាបន្តគាំទ្រក្រសួងមហាផ្ទៃ ពង្រឹងប្រសិទ្ធភាពថវិកា ឃុំ-សង្កាត់
ភ្នំពេញ ៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត ម៉ាហា ដាម៉ាហ្ស (Maha Damaj) នាយិកាអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងប្ដេជ្ញាចិត្តបន្តគាំទ្រក្រសួងមហាផ្ទៃពង្រឹងគណនេយ្យភាព តម្លាភាព សុចរិតភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាមូលនិធិឃុំ សង្កាត់ ទូទាំងប្រទេស។
លោកស្រីបណ្ឌិត ម៉ាហា ដាម៉ាហ្ស បានទាញភ្ជាប់ការពង្រឹងគុណភាពនៃការប្រើប្រាស់ថវិកាឃុំ សង្កាត់ មួយចំណែកបម្រើដល់ការងារលើកកម្ពស់ និងសុវត្ថិភាពរបស់ស្ត្រី និងកុមារ ដែលបច្ចុប្បន្ន រដ្ឋបាលឃុំ សង្កាត់ កំពុងដើរតួនាទីយ៉ាងសំខាន់លើការងារអភិវឌ្ឍន៍មូលដ្ឋានដែលពាក់ព័ន្ធនឹងស្ត្រី និងកុមារ ក្នុងនោះក៏រួមទាំងការលើកកម្ពស់សេវាមណ្ឌលសុខភាព សេវាអប់រំថ្នាក់មតេ្តយ្យ និងសេវារដ្ឋបាលនានាពាក់ព័ន្ធនឹងឯកសារ ឬលិខិតស្នាមរបស់កុមារ ដូចជា សេវាអត្រានុកូលដ្ឋានជាដើម ដែលជាគ្រឹះយ៉ាងសំខាន់សម្រាប់កុមារក្នុងការទទួលបានសេវាសាធារណៈផ្សេងៗទៀតរបស់រដ្ឋ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងផ្ដល់ការលើកទឹកចិត្តខ្ពស់ចំពោះ យូនីសេហ្វ ដែលបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងនិយាយដោយឡែកនៅទីនេះ គឺក្រសួងមហាផ្ទៃ សម្រាប់ពង្រឹងគុណភាពសេវារដ្ឋបាលថ្នាក់ក្រោមជាតិ ផ្ដល់ជូនដល់ប្រជាពលរដ្ឋ តាមរយៈការបណ្ដុះបណ្ដាលផ្តោតទៅលើសមត្ថភាព និងការអនុវត្តគម្រោងនានា សំដៅធ្វើយ៉ាងណាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ស្វាគមន៍ចំពោះទស្សនទានប្រកបដោយការស្ថាបនារបស់យូនីសេហ្វ ផ្ដល់មកក្រសួងមហាផ្ទៃដើម្បីគាំទ្រការងារពាក់ព័ន្ធជាអាទិ៍ ទាំងការបណ្ដុះបណ្ដាលពង្រឹងគុណភាព ការពង្រឹងធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រសួង ការគ្រប់គ្រងពន្ធនាគារ រួមទាំងការផ្ដល់ការគាំទ្រដល់សិទ្ធិស្ត្រី និងកុមារ ព្រមទាំងកិច្ចការងារផ្សេងៗទៀត ដែលយូនីសេហ្វតែងតែធ្វើការងារគ្រប់ថ្នាក់ដឹកនាំ ទាំងក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីសារសំខាន់នៃការបន្តប្រែក្លាយការប្ដេជ្ញាចិត្តឱ្យទៅជាសកម្មភាពជាក់ស្ដែង ក្នុងការគ្រប់គ្រងថវិកាមូលនិធិឃុំ សង្កាត់ ប្រកបដោយគណនេយ្យភាព និងតម្លាភាព ដោយសារថវិកានេះមានការកើនឡើងជារៀងរាល់ឆ្នាំ ហើយថវិកានេះជាថវិការបស់ប្រជាពលរដ្ឋបានមកពីការបង់ពន្ធ ដែលរដ្ឋមានកាតព្វកិច្ចត្រូវធានាថា ត្រូវបានប្រើប្រាស់ចំគោលដៅ និងបម្រើដល់សេចក្ដីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
