អាជ្ញាធរក្រុងប៉ោយប៉ែត អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ក្រោយសត្វក្រពើហូរធ្លាក់មកពីថៃ
ភ្នំពេញ ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ចាប់បានសត្វក្រពើ១ក្បាល ដែលបានហូរធ្លាក់មកពីប្រទេសថៃ ។

រដ្ឋបាលក្រុងប៉ោយប៉ែតបានផ្សព្វផ្សាយ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ ។
ក្នុងបេសកកម្មនេះ គណៈបញ្ជាការឯកភាពក្រុង បានដោះស្រាយករណីបន្ទាន់មួយ ដោយបានបង្ក្រាប និងចាប់បានសត្វក្រពើចំនួន១ក្បាល ដែលបានហូរធ្លាក់មកពីប្រទេសថៃ តាមបណ្តោយអូរព្រំដែន ដែលកំពុងតែមានស្ថានភាពទឹកជន់លិច ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ជាមួយគ្នានោះដែរ កម្លាំងសមត្ថកិច្ចក៏បានប្រទះឃើញសត្វក្រពើចំនួន១ក្បាលផ្សេងទៀត ក្នុងស្ថានភាពងាប់ផងដែរ។ បច្ចុប្បន្ន សត្វក្រពើដែលចាប់បាន ត្រូវបានរក្សាទុក និងចាត់វិធានការទៅតាមនីតិវិធីសុវត្ថិភាពហើយ។ ដើម្បីធានាបាននូវសុវត្ថិភាពអាយុជីវិតសមាជិកគ្រួសារ និង ប្រជាពលរដ្ឋទាំងអស់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត អំពាវនាវយ៉ាងទទូចដល់ពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមបណ្តោយអូរព្រំដែន និងតំបន់ដែលកំពុងរងការលិចលង់ទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតដោយហាមដាច់ខាតចុះលេងទឹក ចាប់ត្រី ឬធ្វើដំណើរឆ្លងកាត់តំបន់ទឹកជ្រៅដោយគ្មានការចាំបាច់ ។
ក្នុងនោះ ត្រូវយកចិត្តទុកដាក់លើកុមារតូចៗ កុំបណ្តោយឱ្យកូនចៅតូចៗចុះលេងទឹកទឹកជំនន់ដាច់ខាត ដើម្បីជៀសវាងគ្រោះថ្នាក់លង់ទឹក និងការយាយីពីសត្វអាសិរពិស ឬសត្វសាហាវនានា។
សូមបញ្ជាក់ថា រដ្ឋបាលក្រុងប៉ោយប៉ែត ជានិច្ចកាលតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងខិតខំការពារសុខសុវត្ថិភាពជូនពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។ ដូច្នេះពលរដ្ឋត្រូវចូលរួមរក្សាសុខភាព និងសុវត្ថិភាពទាំងអស់គ្នា៕

