លោក ប៉ែន បូណា ៖ ក្រោមអភិក្រម ការការពារទឹកដី ជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានគូសបញ្ជាក់ជាថ្មីថា ក្រោមអភិក្រម ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពចម្បង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងថា ទោះបីជាស្ថានភាពពេលនេះ នៅតែមានភាពស្មុគស្មាញក៏ដោយ ក៏សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល នៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ដោយសន្តិវិធីជាមួយថៃ តាមរយៈយន្តការ និងកិច្ចព្រមពៀងទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ។
លោកថា “អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា ក្រោមអភិក្រម ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនដែលភ្លេចសូម្បីមួយវិនាទីណាឡើយ នូវការទាមទារទឹកដីកម្ពុជា ដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់”។
លោកបន្ថែមថា ការទាមទារទឹកដីកម្ពុជា ដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់នេះ ធ្វើឡើងតាមរយៈមធ្យោបាយសន្តិវិធី ដើម្បីអនុញ្ញាតឱ្យពលរដ្ឋភៀសសឹកទាំងអស់ វិលត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា ក្នុងន័យនេះហើយដែលនៅគ្រប់វេទិកាអន្តរជាតិ មិនថានៅទីណា ឬពេលវេលាណាឡើយ បញ្ហាព្រំដែនកម្ពុជា-ថៃ គឺជារបៀបវារៈដ៏សំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតទាល់តែមានដំណោះស្រាយពិតប្រាកដ តាមរយៈគណៈកម្មការ JBC ដែលជាយន្តការគន្លឹះ ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលទទួលស្គាល់ជាអន្តរជាតិ៕
