លោក ហ៊ុន ម៉ានី៖ លើឆាកអន្តរជាតិ សម្តេចធិបតី បង្ហាញកាយវិការទន់ភ្លន់ សុជីវធម៌ គោរពចាស់ទុំ
ភ្នំពេញ ៖ឧបនាយករដ្ឋ រដ្ឋមន្រ្តីមុខងារសាធារណៈ លោក ហ៊ុន ម៉ានីបានលើកឡើងថា ក្នុងបេសកកម្មផ្លូវការនៅក្រៅប្រទេស សម្តេចធិបតី ហ៊ុនម៉ាណែតក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យប្រជាពលរដ្ឋកម្ពុជា ដោយពេញមុខពេញមាត់ លើឆាកអន្តរជាតិបានបង្ហាញពីកាយវិការ ភាពទន់ភ្លន់ សុជីវធម៌ និងការគោរពចាស់ទុំ ។

តាមរយៈការបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីកាយវិការគោរពចាស់ទុំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងលក្ខណៈកាន់ដៃលោក Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋ តួកគីយ៉េ លោកហ៊ុន ម៉ានីបញ្ជាក់ថា ពិតណាស់ សម្តេចធិបតីតំណាងប្រជាជាតិកម្ពុជាដោយមោទនភាព ប៉ុន្តែក្នុងពេលតែមួយ លើសពីតួនាទីផ្លូវការ គឺក្នុងរូបថតមួយនេះ ក៏បានបង្ហាញកាយវិការ ភាពទន់ភ្លន់ សុជីវធម៌ និងការគោរពចាស់ទុំ ដែលបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរដ៏ប្រពៃ។
លោកបន្តថា នេះគឺជាទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរ ដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយក៏ជាអ្វីដែលពុកម៉ែបានអប់រំតាំងពីតូច មកដល់ពេលបច្ចុប្បន្ន៕
