ព្រះមហាក្សត្រ ៖ ព្រះបរមរតនកោដ្ឋ មានព្រះរាជជំនឿថា ភាសាបារាំង អាចក្លាយជាមរតករួមមួយ
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះបន្ទូលរំលឹកថា ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មានព្រះរាជជំនឿថា ភាសាបារាំងដែលប្រើរួមគ្នានេះ អាចក្លាយជាមរតករួមមួយហើយដែលមនុស្សម្នាក់ៗជ្រើសរើសដោយសេរី។

ក្នុងព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលរំឭកនូវស្មារតីចងចាំមួយចំនួនថា ស្ថាប័នហ្វ្រង់កូហ្វូនី បានចាប់កំណើតឡើងនៅលើទឹកដីអាហ្វ្រិក ក្នុងទីក្រុងនីអាមេ នាឆ្នាំ១៩៧០។ ការចាប់កំណើតនេះ កើតចេញពីឥស្សរជនដ៏ឆ្នើមចំនួន៤រូប គឺ លោក លេអូប៉ូល សេដារ សេងហ្គ័រ នៃប្រទេសសេណេហ្គាល់ លោក ហាប៊ីប បួរគីបា នៃប្រទេសទុយនីស៊ី លោក ហាម៉ានី ឌីអូវី នៃប្រទេសនីហ្សេ និងព្រះបិតារបស់ព្រះអង្គគឺព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ។ កាលពីបង្កើតដំបូងស្ថាប័នហ្វ្រង់កូហ្វូនី បានបង្កប់នូវមហិច្ឆតាមួយដែលលាតសន្ធឹងហួសពីព្រំដែននៃទ្វីបនានា។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា “ព្រះបិតារបស់ខ្ញុំ ទ្រង់មានព្រះរាជជំនឿថា ភាសាបារាំងដែលប្រើរួមគ្នានេះ អាចក្លាយជាមរតករួមមួយហើយដែលមនុស្សម្នាក់ៗជ្រើសរើសដោយសេរី ។ ពីព្រោះភាសាមួយនេះមិនដែលធ្វើដំណើរតែម្នាក់ឯងឡើយ។ គំនិតសេចក្តីប្រាថ្នា និងតម្លៃរបស់អ្នកនិយាយភាសានេះ ក៏ធ្វើដំណើរទៅជាមួយភាសានេះដែរ ។ ព្រះបិតារបស់ទ្រង់ប្រាថ្នាឱ្យភាសានេះក្លាយជាមធ្យោបាយមួយសម្រាប់ លើកតម្កើងសេចក្ដីថ្លៃថ្នូររបស់ប្រជាជាតិទាំងអស់ និងការផ្តល់អាទិភាពដល់ការសន្ទនាជាជាងការប្រើកម្លាំង ព្រមទាំងការគោរពចំពោះភាពចម្រុះ” ។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ថែមថា នៅកម្ពុជា ភាសាបារាំងមានវត្តមានតាំងពីសម័យអាណាព្យាបាល។ ព្រះបរមរតនកោដ្ឋ ទ្រង់បានប្រែក្លាយមរតកនេះឱ្យទៅជាជម្រើសអធិបតេយ្យមួយ និងតម្រង់ទិសឆ្ពោះទៅអនាគត។ ដោយសារព្រះអង្គ ទើបទ្វីបអាស៊ីបានចូលរួមចំណែកក្នុងការកសាងហ្វ្រង់កូហ្វូនី តាំងពីដំណាក់កាលដំបូងបំផុតនៃការចាប់កំណើតរបស់ អង្គការនេះម៉្លេះ៕
