នយោបាយ

រដ្ឋមន្រ្តីមហាផ្ទៃអះអាងថា ឆ្នាំ២០២០ រដ្ឋបាលឃុំ-សង្កាត់ នឹងទទួលបានថវិកាជាង ១០ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍមូលដ្ឋាន

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅឆ្នាំ២០២០ ខាងមុខ រដ្ឋបាលឃុំ-សង្កាត់នីមួយៗនឹងទទួលបាន ថវិកាជាមធ្យមជាង ១២ម៉ឺនដុល្លារក្នុងនោះ ថវិកាអភិវឌ្ឍតាមមូលដ្ឋានជាមធ្យម ៧ម៉ឺនដុល្លារ។

ក្នុងកិច្ចប្រជុំលើកទី១៧ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេច ស ខេង បានឲ្យដឹងថា មូលនិធិសម្រាប់អភិវឌ្ឍ ឃុំ-សង្កាត់ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ដីពី ការផ្ទេរធនធានបន្ថែម ពីថវិការដ្ឋជូនទៅ រដ្ឋបាល ឃុំ-សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍមូលដ្ឋាន ចាប់ពីឆ្នាំ២០២០ តទៅ។

សម្ដេចមានប្រសាសន៍ថា “ក្នុងនោះរដ្ឋបាល ឃុំ-សង្កាត់ នីមួយៗនឹងទទួលបានថវិកាសរុបជាមធ្យម ចំនួនប្រមាណ ១២២ពាន់ដុល្លារ។ក្នុងនោះថវិកា ផ្នែកអភិវឌ្ឍមូលដ្ឋាន មានចំនួនជាមធ្យមប្រមាណជា ៧ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២០ គឺកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៩”។

សម្ដេចអះអាងថា ថវិកាអភិវឌ្ឍតាម ឃុំ-សង្កាត់ នឹងកើនឡើងរៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៣។ដូច្នេះ រដ្ឋាបាល ឃុំ-សង្កាត់ នីមួយៗនឹងទទួលបានថវិកាជាមធ្យម ១៩៣ពាន់ដុល្លារក្នុងនោះ ថវិកាផ្នែកអភិវឌ្ឍមូលដ្ឋាន ជាមធ្យម ១៣២ពាន់ដុល្លារ។

បន្ថែមពីនេះ សម្ដេច ស ខេង បញ្ជាក់ថា ចំនួនថវិកាអភិវឌ្ឍ ឃុំ-សង្កាត់ បានកើនឡើងឥតឈប់ឈរនឹងធ្វើឲ្យ ឃុំ-សង្កាត់ ខ្លះនឹងទទួលបានថវិកាច្រើនជាងគេ ដែលមានរហូតទៅដល់ ៤៥០ពាន់ដុល្លារ ក្នុងឆ្នាំ២០២៣។ សម្ដេច រំលឹកថា នាពេលថ្មីៗ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានជូនដំណឹងអំពីថវិកា ទៅដល់ឃុំ-សង្កាត់ រួចហើយដែរ។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងថា ពាក់ព័ន្ធការបង្កើនថវិកា ឃុំ-សង្កាត់ ឆ្នាំ២០២៣ ត្រូវមានការពង្រឹង និងគាំទ្រផ្នែកបច្ចេកទេស ទៅដល់រដ្ឋបាល ឃុំ-សង្កាត់ ដើម្បីធានាបានថា រដ្ឋបាល ឃុំ-សង្កាត់ នីមួយៗ ប្រើប្រាស់ថវិកាទាំងនេះឲ្យមានប្រសិទ្ធិភាព៕

ដោយ៖ អេង ប៊ូឆេង

To Top