បច្ចុប្បន្នភាព ភាពតានតឹងរវាងកូរ៉េខាងជើង និងខាងត្បូង បានកើតឡើងសាជាថ្មីម្តងទៀត ហើយចាប់តាំងពីថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០នេះ ដោយប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង KCNA បានគំរាមធ្វើអោយកូរ៉េខាងត្បូង ឈឺចាប់មិនធ្លាប់ជួបប្រទះ ។
កូរ៉េខាងជើង ក៏បានគំរាមផងដែរ ក្នុងការបិទការិយាល័យ ទំនាក់ទំនងជាមួយ កូរ៉េខាងត្បូងជាអចិន្ត្រៃយ៍ ដែលជាការិយាល័យ កើតចេញពីកិច្ចខិតខំប្រឹងប្រែង រវាងមេដឹកនាំនៃកូរ៉េទាំងពីរ ប្រសិនបើកូរ៉េខាងត្បូង មិនដោះស្រាយ តាមការចង់បានរបស់កូរ៉េខាងជើង ។
ដំណោះស្រាយ ដែលកូរ៉េខាងជើងចង់បាននោះគឺ ក្រុមសកម្មជននៅកូរ៉េខាងត្បូង ត្រូវបញ្ឈប់ជាបន្ទាន់ នូវការចែកចាយខិត្តប័ណ្ណ ប្រឆាំងកូរ៉េខាងជើង នៅតាមព្រំដែនកូរ៉េទាំងពីរ បើមិនឈប់ទេស កូរ៉េខាងជើងនឹងបិទការិយាល័យ ទំនាក់ទំនងរវាងកូរ៉េទាំងពីរ ។
ការព្រមានបែបនេះ របស់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង KCNA ត្រូវបានធ្វើឡើង ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីលោកស្រី គីម យ៉ូចុង ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន បានព្រមានបញ្ចប់ កិច្ចព្រមព្រៀងយោធា ជាមួយកូរ៉េខាងត្បូង ។
សូមបញ្ជាក់ជូនថា ការិយាល័យទំនាក់ទំនង និងកិច្ចព្រមព្រៀងយោធា រវាងកូរ៉េទាំងពីរ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៨កន្លងទៅ ដែលត្រូវបានចុះហត្ថលេខា ដោយលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង និងលោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ។
ការិយាល័យទំនាក់ទំនង និងកិច្ចព្រមព្រៀងយោធា រវាងកូរ៉េទាំងពីរ ត្រូវបានធ្វើឡើង ក្នុងបំណងកាត់បន្ថយភាព តានតឹងនៅឧបទ្វីបកូរ៉េ ដោយកូរ៉េទាំងពីរ បានកាត់បន្ថយប៉ុស្តិ៍យាម នៅតាមព្រំដែន រួមទាំងកាត់បន្ថយចំនួនយោធា នៅតាមព្រំដែនទៀតផង ។
រហូតមកដល់ពេលនេះ ក្រុមសកម្មជនៅកូរ៉េខាងត្បូង នៅតែបន្តចែកចាយខិត្តប័ណ្ណ នៅតាមព្រំដែនដដែល ទោះបីជាកូរ៉េខាងជើងព្រមានក៏ដោយ ហើយភាពតានតឹង ក៏បានកើតឡើងផងដែរ ប៉ុន្តែមិនទាន់ដល់កម្រិតផ្ទុះចេញ ជាការប្រឈមមុខដាក់គ្នា ខាងយោធានោះទេ ។
ដើមចមនាំអោយកើតរឿង ដើមចមនាំអោយកើតរឿង គឺដោយសារ ក្រុមសកម្មជនកូរ៉េខាងត្បូង បានចែកចាយខិត្តប័ណ្ណ នៅតាមព្រំដែនកូរ៉េទាំងពីរ ដោយបានបរិហាររិះគន់ របបដឹកនាំរបស់លោក គីម ជុងអ៊ុន ពាក់ព័ន្ធនឹងមហិច្ឆិតា ផលិតអាវុធមហាប្រល័យ របស់កូរ៉េខាងជើង ។
ក្រុមសកម្មជនកូរ៉េខាងត្បូង មិនត្រឹមតែចែកចាយខិត្តប័ណ្ណ ដែលមានខ្លឹមសាររិះគន់ លោក គីម ជុងអ៊ុន ទេ ខិត្តប័ណ្ណនោះ ក៏មានខ្លឹមសារ អូសទាញអោយកងទ័ព និងប្រជាជននៅតាមព្រំដែន រត់ចោលប្រទេសរបស់ខ្លួន ចូលទៅរស់នៅលើទឹកដីកូរ៉េខាងត្បូងដែរ ។
ខិត្តប័ណ្ណរបស់ ក្រុមសកម្មជនកូរ៉េខាងត្បូង មិនត្រឹមតែត្រូវបានចែកចាយ ដល់ប្រជាពលរដ្ឋរបស់កូរ៉េទាំងពីរ ដោយផ្ទាល់នោះទេ ខិត្តប័ណ្ណទាំងនោះ ថែមទាំងត្រូវបានចងភ្ជាប់នឹងប៉េងប៉ោង និងបង្ហោះចូលទៅក្នុង ទឹកដីកូរ៉េខាងជើងថែមទៀតផង ។
នេះជាដើមចម ដែលនាំអោយកើតរឿង ដែលកាលពីមុន ក្រុមសកម្មជនកូរ៉េខាងត្បូង មិនត្រឹមតែចែក និងបង្ហោះខិត្តប័ណ្ណរិះគន់ របបទីក្រុងព្យុងយ៉ាង តាមប៉េងប៉ោងទេ ក្រុមសកម្មជនកូរ៉េខាងត្បូង ក៏បានប្រើឧបករណ៍បំពងសម្លេង រិះគន់របបទីក្រុងព្យុងយ៉ាងផងដែរ ។
ស្ទើរតែជាទម្លាប់ទៅហើយ កូរ៉េខាងជើងតែងតែ មានប្រតិកម្មឆ្លើយតប ខណៈដែលក្រុមសកម្មជន កូរ៉េខាងត្បូង បានចែកខិត្តប័ណ្ណ ឬប្រើប្រាស់ឧបករណ៍បំពងសម្លេង រិះគន់របបដឹកនាំកូរ៉េខាងជើង ពាក់ព័ន្ធមហិច្ឆិតា ផលិតអាវុធនុយក្លេអ៊ែរ ។
សន្និដ្ឋាន៖ បើកូរ៉េខាងត្បូងមិនឈប់ចែកខិត្តប័ណ្ណ តើកូរ៉េខាងជើងធ្វើយ៉ាងម៉េច ?
ប្រសិនបើក្រុមសកម្មជន របស់កូរ៉េខាងត្បូង មិនព្រមឈប់ចែកខិត្តប័ណ្ណ នៅតាមព្រំដែនទៅតាមការចង់បាន របស់កូរ៉េខាងជើងទេ ភាពតានតឹងនៅឧបទ្វីបកូរ៉េ នឹងកើតឡើងនៅពេលខាងមុខ ដោយចៀសមិនរួចទេ ហើយកូរ៉េខាងជើង នឹងឆ្លើយតបវិញមិនខាន ។
បើតាមការព្រមាន របស់កូរ៉េខាងជើង គឺប្រទេសនេះ នឹងបិទជាអចិន្ត្រៃយ៍ នូវការិយាល័យទំនាក់ទំនង ជាមួយកូរ៉េខាងត្បូង និងបញ្ចប់កិច្ចព្រមព្រៀង យោធាឆ្នាំ២០១៨ រវាងកូរ៉េទាំងពីរថែមទៀត ដែលជាការរំលាយទាំងស្រុង នូវក្តីសង្ឃឹមរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ក្នុងការបញ្ចប់ភាពតានតឹង នៅឧបទី្វបកូរ៉េ ។
ស្ទើរតែជាទម្លាប់ទៅហើយ កូរ៉េខាងជើងតែងតែ បាញ់សាកល្បងមីស៊ីល គ្រាប់រ៉ូកែត ឬអាវុធផ្លោងណាមួយ ដើម្បីបង្ហាញពីការមិនពេញចិត្ត ឬជាប្រតិកម្មឆ្លើងយបតបទៅលើកូរ៉េខាងត្បូង ដែលធ្វើអ្វីមួយ ដែលកូរ៉េខាងជើងមិនពេញចិត្ត ។
ផលប៉ះពាល់ ប្រសិនបើភាពតានតឹង រវាងកូរ៉េទាំងពីរកើតឡើងសាជាថ្មី ផលប៉ះពាល់៣ចំណុច អាចនឹងកើតឡើង នៅឧបទ្វីបកូរ៉េ នៅពេលខាងមុខដោយចៀសមិនរួច ដោយសារតែកូរ៉េទាំងពីរ ជាបងប្អូនបង្កើតមែន ប៉ុន្តែបងប្អូនទាំងពីរនាក់នេះ ក៏ជាសត្រូវនឹងគ្នាផងដែរ ។
ទី១ គឺផលប៉ះពាល់លើផ្នែកសន្តិសុខ នៅឧបទ្វីបកូរ៉េ ដែលកងម្លាំងយោធា របស់ប្រទេសកូរ៉េទាំងពីរ ជាពិសេសនៅតាមតំបន់ព្រំដែន នឹងប្រឈមមុខដាក់គ្នា ដោយអាវុធសាជាថ្មី ដែលភាពតានតឹង ខាងយោធារវាងកូរ៉េទាំងពីរ ធ្លាប់កើតឡើងជាញឹកញាប់ ពេលមានភាពតានតឹង ។
ទី២ គឺផលប៉ះពាល់ លើទំនាក់ទំនងកូរ៉េបងប្អូនទាំងពីរ ដែលចាប់តាំងពីឆ្នាំ២០១៨កន្លងមក ភាពតានតឹងផ្នែកការទូត រវាងបងប្អូនទាំងពីរ បានស្រុតចុះយ៉ាងខ្លាំងមិនធ្លាប់មាន ហើយមេដឹកនាំនៃប្រទេសទាំងពីរ ក៏បានជួបគ្នាដោះស្រាយ ដោយលំបាកផងដែរ ។
ទី៣ គឺផលប៉ះពាល់ ដោយសារសង្គ្រាមពាក្យសម្តី ដែលកូរ៉េខាងជើង តែងតែយកអាវុធនុយក្លេអ៊ែររបស់ខ្លួន ទៅគំរាមវាយប្រហារ លើកូរ៉េខាងជើង ឬសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត ហើយការបាញ់សាកល្បង អាវុធគ្រប់យ៉ាង ក៏នឹងអាចកើតឡើងសាជាថ្មី ។
ចំណុចអវិជ្ជមាន ឬផលប៉ះពាល់ទាំង៣យ៉ាងនេះ មិនត្រឹមតែជាសកម្មភាព គ្រោះថ្នាក់ដល់ឧបទ្វីបកូរ៉េទេ តែវាក៏ជាគ្រោះថ្នាក់ផងដែរ ដល់កងកម្លាំងយោធា របស់សហរដ្ឋអាមេរិក ដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង និងប្រទេសផ្សេងទៀត នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ៕ ដោយ៖ អ៊ិន ជិន