បច្ចុប្បន្នភាព
អ្នកជំនាញផ្នែក នយោបាយអន្តរជាតិ ជាច្រើនបានលើកឡើងថា ប្រជាពលរដ្ឋនៅទីក្រុងហុងកុង ត្រូវតែរស់នៅក្នុងបរិបទហុងកុង ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ដែលមិនមែនជាបរិបទ ហុងកុង ថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧នោះទេ ។
១កក្កដា១៩៩៧ និង១កក្កដា២០២០ គឺជាថ្ងៃគម្រប់ខួបទី២៣ឆ្នាំ ដែលចក្រភពអង់គ្លេស បានប្រគល់ទីក្រុងហុងកុង ជាដែនដីអាណានិគមរបស់ខ្លួន អោយមកប្រទេសចិនវិញ ហើយក៏ជាថ្ងៃដែលប្រជាពលរដ្ឋ នៅទីក្រុងនេះតែងតែធ្វើពិធីរំលឹកខួបផងដែរ ។
អ្នកជំនាញដដែលបានបន្តថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះទៅ ទីក្រុងហុងកុងស្ថិតនៅក្នុងបរិបទថ្មីមួយ ដោយមានច្បាប់សន្តិសុខជាតិថ្មី ដែលរដ្ឋាភិបាលចិន បានសម្រេចដាក់អោយប្រជាពលរដ្ឋ នៅទីក្រុងនេះអនុវត្ត ។
ក្រោយពីច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង បានចូលជាធរមាន កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ក្រោយពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្រុមអាជ្ញាធរហុងកុង បានដាក់ពង្រាយកងកម្លាំង ការពារសន្តិសុខ យ៉ាងច្រើនសន្ធឹកសន្ធាប់ ។
រយៈពេលមិនដល់២៤ម៉ោងផង ក្រោយពីច្បាប់សន្តិសុខជាតិថ្មី បានចូលជាធរមាន ក្រុមអាជ្ញាធរហុងកុង បានចាប់ខ្លួនក្រុមសកម្មជន គាំទ្រប្រជាធិបតេយ្យ យ៉ាងហោចណាស់១៨០នាក់ ពីបទរំលោភបំពានច្បាប់នេះ និងគម្រាមចាប់ខ្លួនបន្ថែមទៀត នៅពេលខាងមុខ ។
ស្ថិតនៅក្រោមច្បាប់សន្តិសុខជាតិ ហុងកុងលែងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ដែលមានសិទ្ធិពិសេស ស្របតាមគោលការណ៍ ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរទៀតហើយ ដែលមុនច្បាប់នេះចូលជាធរមាន ពលរដ្ឋហុងកុងត្រូវបានអនុញ្ញាត អោយមានសិទ្ធិសេរីភាពស៊ីវិល និងច្បាប់ដោយឯករាជ្យខុសពីចិនដីគោក ។
សូមបញ្ជាក់ជូនថា ច្បាប់សន្តិសុខជាតិថ្មី ដែលរដ្ឋាភិបាលចិនបានដាក់ អោយប្រជាពលរដ្ឋនៅទីក្រុងហុងកុងអនុវត្តនេះ ត្រូវបានចែង៤ចំណុចសំខាន់ ទី១ការប្រយុទ្ធប្រឆាំង នឹងចលនាបះបោរ ឬសកម្មភាពអបគមន៍ ទី២ការប្រយុទ្ធប្រឆាំង នឹងអំពើភេរវនិយម ទី៣ការបង្ក្រាបសកម្មភាពវិទ្ធង្សនា និងទី ៤ការបង្ក្រាបលើសកម្មភាពឃុបឃិត ជាមួយកម្លាំងបរទេសណាមួយ ។
ចាប់ពីថ្ងៃនេះតទៅ ប្រសិនបើបុគ្គលណាមួយ ឬក្រុមណាមួយ ហ៊ានបំពានលើខ្លឹមសារទាំង៤ចំណុច ក្នុងច្បាប់សន្តិសុខជាតិថ្មីនេះ បុគ្គលនោះ ឬក្រុមនោះ នឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត ឬយ៉ាងហោចណាស់ ក៏ជាប់ពន្ធនាគាររយៈ៣ឆ្នាំដែរ ប្រសិនបើក្រុមអាជ្ញាធរទីក្រុងហុងកុង រកឃើញថា បុគ្គលនោះ ឬក្រុមនោះ ពិតជាបានរំលោភច្បាប់សន្តិសុខជាតិនេះមែន ។
សូមបញ្ជាក់ជូនថា លោក ស៊ី ជីនពីង ប្រធានាធិបតីរបស់ប្រទេសចិន បានចុះហត្ថលេខាលើច្បាប់ សន្តិសុខជាតិថ្មីនេះ កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ សម្រាប់ដាក់អោយប្រជាពលរដ្ឋ នៅទីក្រុងហុងកុងអនុវត្ត និងបានចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
ដើមចមនាំអោយកើតរឿង
ដើមចមនាំអោយកើតរឿង គឺដោយសារប្រជាពលរដ្ឋហុងកុងមួយចំនួន ជាពិសេសក្រុមគាំទ្រប្រជាធិបតេយ្យ រួមទាំងមេដឹកនាំរបស់ប្រទេសមួយចំនួន មានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀត មិនពេញចិត្តចំពោះច្បាប់សន្តិសុខជាតិថ្មីនេះ ។
ប្រទេសចំនួន២៧ ដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ មានប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ និងប្រទេសជប៉ុនជាដើម បាននាំគ្នាថ្កោលទោសច្បាប់ សន្តិសុខជាតិថ្មី ដែលចិនបានដាក់អោយទីក្រុងហុងកុងអនុវត្តនេះ ។
សហរដ្ឋអាមេរិកបានគំរាមថា ខ្លួននឹងមិនឈរអោយ ដៃមើលការកៀបសង្កត់ ពីអាជ្ញាធរចិនលើពលរដ្ឋហុងកុងនោះទេ ហើយសហភាពអឺរ៉ុប ក៏បានចេញសេចក្តី ថ្លែងការណ៍ ទាមទារអោយចិនបញ្ចៀស គ្រប់សកម្មភាព ដែលបំផ្លាញស្វយភាពរបស់ទីក្រុងហុងកុង ។
ជាការឆ្លើយតបវិញ ក្រសួងការបរទេសចិនបានប្រតិកម្មតបភ្លាមៗ ដោយថ្កោលទោស ចំពោះសហគមន៍អន្តរជាតិ ដែលព្យាយាលូកដៃចូល ក្នុងកិច្ចការរបស់ប្រទេសចិន ខណៈដែលនៅពេលបច្ចុប្បន្ននេះ មិនមានបញ្ហាអ្វីសោះនៅទីក្រុងហុងកុង ។
ក្រសួងការបរទេសចិនដដែលបានបន្តថា ប្រទេសទាំង២៧ដែលរីះគន់ចិន រួមទាំងសហរដ្ឋអាមេរិកផងដែរ ក៏មានច្បាប់សន្តិសុខជាតិដូចជាប្រទេសចិនដែរ ចុះហេតុអ្វីបានជាប្រទេសទាំងនោះមក រិះគន់ប្រទេសចិន តែម្នាក់ឯងទៅវិញ ។
សន្និដ្ឋាន៖ ហេតុអ្វីអាមេរិកខ្វល់ខ្វាយ ពីទីក្រុងហុងកុងខ្លាំងម្លេះ?
មូលហេតុ ដែលសហរដ្ឋអាមេរិកខ្វល់ខ្វាយ ពីទីក្រុងហុងកុង គឺដោយសារអាមេរិកមានក្រុមហ៊ុនច្រើន ដល់ទៅជាង១០០ក្រុមហ៊ុន នៅក្នុងទីក្រុងនេះ ដែលអាមេរិកបារម្ភ ពីការកៀបសង្កត់ពីចិន នៅពេលខាងមុខ ។
មូលហេតុមួយទៀត គឺដោយសារទីក្រុងនេះ មានចលនាគាំទ្រប្រជាធិបតេយ្យ ដែលគាំទ្រដោយអាមេរិក ហើយចលនានេះនឹងបាត់បង់ទៅវិញនៅពេលខាងមុខ ដោយសារច្បាប់សន្តិសុខជាតិថ្មី របស់ប្រទេសចិន ។
ផលប៉ះពាល់
ច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង អាចធ្វើអោយប៉ះពាលខ្លាំងជាងគេ លើក្រុមយុវជន ដែលគាំទ្រប្រជាធិបតេយ្យ ដោយសារតែច្បាប់នេះ មិនអនុញ្ញាតអោយមាន ការឃុបឃិតជាមួយបរទេស ដែលជាការបិទផ្លូវ អាមេរិកទាំងស្រុង ៕
ដោយ៖ អ៊ិន ជិន