បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ Aljazeera របស់ប្រទេសកាតា បានចុះផ្សាយថា ភាពតានតឹង រវាងប្រទេសចិន និងកោះតៃវ៉ាន់ កំពុងឡើងកម្តៅកាន់តែខ្លាំង មិនធ្លាប់មានក្នុងរយៈពេលជាង៤០ឆ្នាំ កន្លងមកនេះ ទាំងភាពតានតឹងខាងយោធា និងទាំងសង្គ្រាមពាក្យសម្តី ។
កាលពីថ្ងៃអាទិត្យ ទី១០ ខែតុលានេះ ក្នុងទិវាបុណ្យជាតិ លោកស្រី Tsai Ing-wen ប្រមុខដឹកនាំកំពូល របស់កោះតៃវ៉ាន់ បានថ្លែងនៅក្នុងសុន្ទរកថា របស់ខ្លួនថា កោះនេះនឹងមិនចុះញ៉ម ចំពោះការសម្លុត និងគម្រាមកំហែង ពីប្រទេសចិននោះទេ ។
កោះតៃវ៉ាន់ នៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារការរស់នៅរបស់ប្រជាពលរដ្ឋប្រមាណជាង ២៣លាននាក់របស់ខ្លួន តាមបែបលទ្ធិប្រជាធិបតេយ្យ ដោយមិនដើរទៅតាមការចង្អុលបង្ហាញ ឬគូសវាសផ្លូវ របស់ប្រទេសចិននោះឡើយ ។
លោកស្រី Tsai Ing-wen បានបញ្ជាក់ថា ខណៈដែលកោះនេះ មានភាពរីកចម្រើនកាន់តែខ្លាំង កោះនេះក៏ប្រឈមមុខ នឹងសម្ពាធពីប្រទេសចិន កាន់តែខ្លាំងផងដែរ ប៉ុន្តែប្រទេសចិន មិនអាចបង្ខំទីក្រុងតៃប៉ិអោយដើរ តាមគន្លងរបស់ខ្លួនបានទេ ។
ក្នុងរយៈពេលតែប៉ុន្មានម៉ោង ក្រោយពីលោកស្រី Tsai Ing-wen បានថ្លែងសុន្ទរកថា ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន (China’s Taiwan Affairs Office) បានឆ្លើយតបវិញភ្លាម ដោយចាត់ទុកសុន្ទរកថា របស់លោកស្រី មេដឹកនាំកំពូល កោះតៃវ៉ាន់ រូបនេះ គឺជាសម្តីញុះញង់អោយមាន ការប្រឈមមុខដាក់គ្នា កាន់តែខ្លាំងរវាងភាគីទាំងពីរ ។
China’s Taiwan Affairs Office បានអោយដឹងថា ការស្វែងរកការប្រកាសឯករាជ្យ និងការប្រើប្រាស់សម្តីញុះញង់ របស់មេដឹកនាំកោះតៃវ៉ាន់ បានបិទផ្លូវចរចា ទាំងស្រុងរវាងកោះនេះ និងប្រទេសចិន និង ជាការរុញច្រានស្ថានភាព នៃទំនាក់ទំនងរវាងភាគីទាំងពីរ មានលក្ខណៈកាន់ តែអាក្រក់ថែមទៀត ទាំងនយោបាយ យោធា និងពាណិជ្ជកម្ម ។
សូមបញ្ជាក់ជូនថា មុនពេលប្រទេសចិន និងកោះតៃវ៉ាន់ មានសង្គ្រាមពាក្យសម្តីឆ្លើយឆ្លង គ្នាបែបនេះ គឺភាគីទាំងពីរមានភាពតានតឹង ខាងយោធាជាមួយគ្នារួច ជាស្រេចទៅហើយ ដោយក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ កាលពីសប្តាហ៍មុន យន្តហោះចម្បាំងរបស់ប្រទេសចិនចំនួន១៤៩គ្រឿង បានហោះហើរចូលក្នុងដែន អាកាសរបស់កោះតៃវ៉ាន់ ។
យន្តហោះចម្បាំងរបស់ប្រទេសចិន ដែលបានហោះហើរចូល ក្នុងដែនអាកាសរបស់កោះតៃវ៉ាន់នេះ គឺជាការដាក់សម្ពាធ ផ្នែកយោធាលើកោះតៃវ៉ាន់ ដែលប្រទេសចិនបានចាត់ទុកជាដែន ខេត្តរបស់ខ្លួនចាប់ តាំងពីបញ្ចប់សង្គ្រាម កាលពីឆ្នាំ១៩៤៩កន្លងទៅ ។
សូមរំលឹកជូនថា កាលពីដើមសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិ របស់កោះតៃវ៉ាន់ លោក Chui Kuo-cheng បាននិយាយថា ការប្រឈមមុខដាក់គ្នា ខាងកងកម្លាំងយោធា រវាងប្រទេសចិន និងកោះតៃវ៉ាន់ បានឡើងកម្តៅ ដល់កំពូលមិនធ្លាប់មាន ។
លោក Chui Kuo-cheng បានបញ្ជាក់ថា ប្រសិនបើកោះតៃវ៉ាន់មានការធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ឬសម្រេចចិត្តខុស តែបន្តិច វិបត្តិនៅចក្រសមុទ្រ នឹងកើតឡើងភ្លាម ដោយចិនអាចនឹងវាយលុកក្រសោប យកកោះនេះបានយ៉ាងងាយស្រួល ។
នៅពេលបច្ចុប្បន្ននេះ ចិនមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការវាយប្រហារយកកោះតៃវ៉ាន់ទាំង មូលបាន ប៉ុន្តែមានកត្តាជាច្រើន ដែលធ្វើអោយប៉ះពាល់ដល់ទីក្រុងប៉េកាំង ប្រសិនបើចិនមានសង្គ្រាម ជាមួយកោះតៃវ៉ាន់ ។
ចិននឹងខាតបង់ទាំងការទូត នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ប្រសិនបើចិនប្រើកងកម្លាំង យោធាវាយប្រហារ លើកោះតៃវ៉ាន់ ដែលមូលហេតុនេះហើយ ទើបចិនមិនប្រើប្រាស់កម្លាំងបាយ វាយប្រហារលើកោះតៃវ៉ាន់ ដោយរងចាំរហូតដល់ឆ្នាំ២០២៥ ខាងមុខ ។
រដ្ឋមន្ត្រីការពារជាតិ របស់កោះតៃវ៉ាន់ដដែលបានបញ្ជាក់ថា ប្រសិនបើចិនវាយប្រហារលើកោះតៃវ៉ាន់ នៅឆ្នាំ២០២៥ ខាងមុខ ការខាតបង់របស់ប្រទេសចិន នឹងត្រូវបានកាត់បន្ថយ ដោយសារសមត្ថភាពយោធា របស់ប្រទេសមហាអំណាច មួយនេះកាន់តែខ្លាំង ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយ មានភាពតានតឹង និងការប្រឈមមុខដាក់គ្នាខាងយោធារវាងប្រទេសចិន និងកោះតៃវ៉ាន់ គឺដោយមានកត្តារួមផ្សំ២យ៉ាង គឺការលូកដៃពីសហរដ្ឋអាមេរិក ចូលទៅក្នុងកិច្ចការរបស់កោះតៃវ៉ាន់ និងដោយសារជំហរជាតិ និយមរបស់លោកស្រី Tsai Ing-wen ប្រមុខដឹកនាំកំពូលរបស់កោះនេះ ។
ដើមចមទី១ កាលពីថ្ងៃសុក្រ ទី៨ ខែតុលា ឆ្នាំ២០២១នេះ មន្ត្រីមន្ទីរបញ្ចកោណ របស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានបញ្ជូនកងទ័ពជំនាញ ប្រមាណជាង២០នាក់ អោយទៅកាន់កោះតៃវ៉ាន់ ដើម្បីបណ្តុះបណ្តាល កងទ័ព របស់កោះនេះ ដែលជាដើមចម ធ្វើអោយមានប្រតិកម្មយ៉ាងខ្លាំង ពីក្រសួងការបរទេសចិន ។
សហរដ្ឋអាមេរិក មិនត្រឹមតែជួយបណ្តុះបណ្តាលកងទ័ព របស់កោះតៃវ៉ាន់ទេ ប្រទេសមហាអំណាចមួយនេះ ក៏បានលក់គ្រឿងសព្វាវុធ ក្នុងតម្លៃរាប់ពាន់លានដុល្លារ អោយទៅកោះតៃវ៉ាន់ ផងដែរ ដែលធ្វើអោយប្រទេសចិន ច្រឡោតខឹងយ៉ាងខ្លាំង រហូតដល់បានបញ្ជូនយន្តហោះចម្បាំង ជាង១០០គ្រឿង អោយហោះហើរចូលក្នុងដែន អាកាសតៃវ៉ាន់ ។
ដើមចមទី២ ចិនមិនសប្បាយចិត្តនឹងលោកស្រី Tsai Ing-wen ប្រមុខដឹកនាំកំពូលរបស់កោះតៃវ៉ាន់នោះទេ ដោយសារមេដឹកនាំកំពូលរូបនេះ នៅតែមិនព្រមទទួលស្គាល់ថា តៃវ៉ាន់ គឺជាផ្នែកមួយ របស់ប្រទេសចិន និងថែមទាំងដាក់គោលនយោបាយ អាទិភាពរបស់ខ្លួនលើការពង្រឹង សមត្ថភាពវិស័យការពារជាតិ ដែលជាការប្រឆាំងនឹងចិន ។
សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិក មិនគាំទ្រកោះតៃវ៉ាន់ អោយប្រកាសឯករាជ្យទេ ហើយអាមេរិក ក៏មិនគាំទ្រ ប្រទេសចិន អោយប្រើប្រាស់កងកម្លាំង យោធាវាយប្រហារលើកោះ តៃវ៉ាន់ដែរ ប៉ុន្តែសហរដ្ឋអាមេរិក នៅតែបន្តប្រើយុទ្ធសាស្ត្រញុះញង់អោយចិន និងតៃវ៉ាន់ មានភាពតានតឹងជាមួយគ្នាមិនចេះចប់ ៕
ដោយ ៖ អ៊ី ជិន