នយោបាយ

គ.ជ.ប ៖ ស្ថានភាពទូទៅនៅថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សា

រូបភាព៖ អេង ប៊ូឆេង

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ របស់គណបក្សនយោបាយ នៅថ្ងៃចុងក្រោយនេះ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានលើកឡើងថា ថ្ងៃទី២១ កក្កដា នេះ ជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន១២ ក្នុងចំណោមគណបក្សយោបាយដែលឈរឈ្មោះបោះឆ្នោតទាំង១៨ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះ មានគណបក្សនយោបាយចំនួន៤ បានហែក្បួនឃោសនារកសំឡេងឆ្នោត។

គ.ជ.ប បានរៀបរាប់ថា ទី១-គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនានៅតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត ចំនួន២៤ មណ្ឌល តែពុំមានហែក្បួននៅមណ្ឌលខេត្តព្រះសីហនុទេ ,ទី២-គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ មណ្ឌលខេត្តកំពង់ចាម និងមណ្ឌលខេត្តកំពង់ស្ពឺ ,ទី៣-គណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង និងទី៤-គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ និងមណ្ឌលខេត្តកំពង់ចាម។

គ.ជ.ប បន្ថែមថា ចំណែកគណបក្សនយោបាយ ចំនួន ៨ ទៀត រួមមាន៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សធម្មាធិបតេយ្យ, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាម ខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅតាមទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។

គ.ជ.ប បានបញ្ជាក់ថា «ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅថ្ងៃចុងក្រោយ គិតត្រឹមម៉ោង ៦ ល្ងាចនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា»។

គ.ជ.ប លើកឡើងទៀតថា អនុលោមតាមមាត្រា ៧២នៃច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ សកម្មភាព ឃោសនាបោះឆ្នោតត្រូវចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារ គណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០យប់ នៅថ្ងៃទី២១ កក្កដា៕

To Top