អត្ថបទស្រាវជ្រាវ (scholar)

​បទវិភាគ៖​សំណុំរឿង​របស់លោក ​Julian ​Assange ​បាន​លាតត្រដាងពី​ធាតុពិតនៃ ​“សេរីភាព​ខាងមតិយោបល់​និងព័ត៌មាន”​បែបអាមេរិក​

ពេលថ្មីៗ​កន្លងទៅនេះ ​តុលាការ​ក្រុងឡុងដ៍​របស់អង់គ្លេស ​បានអនុញ្ញាត​ជាផ្លូវការ​ឱ្យធ្វើបត្យាប័ន​លោក Julian ​Assang ដែលជា​ស្ថាបនិកវេបសាយ ​Wikileaks ទៅ​សហរដ្ឋអាមេរិក ​ការនេះបាន​បណ្តាល​ឱ្យ​ភាគីជាច្រើន​ចោទជាមន្ទិលសង្ស័យ​និងធ្វើការតវ៉ា​ ។ លោក ​Kristinn ​Hrafnsson ​និពន្ធនាយក​នៃវេបសាយ ​Wikileaks ​បាន​លើកឡើងថា ​ទង្វើរបស់អាមេរិក​និងអង់គ្លេសនេះ​គឺ “ហាក់ដូចជា​កាត់ទោសប្រហារ​ជីវិតចំពោះ​លោក Julian ​Assang” ។

ក្នុងរយៈពេល​ជាង១០ឆ្នាំ​កន្លងទៅ​ ហេតុអ្វីបានជា​រដ្ឋាភិបាល​អាមេរិក​ដេញតាម​លោក Julian ​Assang ​មិនដាច់? ​មូលហេតុគឺ​ដោយមកពី​លោកបាន​លាតត្រដាង​រឿងអាស្រូវមួយ​ចំនួនរបស់​សហរដ្ឋអាមេរិក​ដែលនាំឱ្យ​សហរដ្ឋអាមេរិក​បាក់មុខយ៉ាងខ្លាំង ។ ​រឿងរបស់លោក​ Julian ​Assang ​ធ្វើឱ្យអ្នក​ទាំងអស់គ្នា​ឃើញច្បាស់ថា ​នៅសហរដ្ឋអាមេរិក​គ្មាន “សេរីភាព”​អ្វីនោះទេ ​នេះគ្រាន់តែ​ជាលេសនិង​ឧបករណ៍​សម្រាប់​អ្នកនយោបាយ​អាមេរិក​វាយប្រហារ​ប្រទេសដទៃ​ទៀតប៉ុណ្ណោះ ។

កាលពី​ឆ្នាំ២០១០ ​វេបសាយ ​Wikileaks ដែល​បង្កើតឡើង​ដោយ​លោក ​Assang ​បាន​ប្រកាស​ឯកសារ​សម្ងាត់​ជាច្រើនរបស់​រដ្ឋាភិបាល​អាមេរិកអំពី​សង្គ្រាមអាហ្វហ្កានីស្ថាន​និងសង្គ្រាមអ៊ីរ៉ាក់​ ក្នុងនោះ ​បូករួមទាំង​ខ្លឹមសារដូចជា​ការទម្លាក់គ្រាប់បែក​ពីអាកាសទៅ​លើប្រជាជន​ស៊ីវិលនិង​ការធ្វើទារុណកម្ម​ដ៏ឃោរឃៅ​ជាដើម ។​ បន្ទាប់មក ​លោក ​Assang ក៏បានប្រកាស​រឿងអាស្រូវមួយ​ចំនួនរបស់​រដ្ឋាភិបាលអាមេរិក​ថែមទៀត​ ដូច្នេះ លោក​បានក្លាយជា​បន្លាក្នុងកែវភ្នែក​របស់រដ្ឋាភិបាល​អាមេរិក ។ ​កាលពី​ខែមិថុនាឆ្នាំ​២០១២ ​លោក ​Assang បានស្វែងរក​សិទ្ធិជ្រកកោន​នយោបាយពី​ស្ថានទូតអេក្វាឌ័រ​ប្រចាំនៅ​ក្រុងឡុងដ៍ ។​ កាលពី​ខែមេសា​ឆ្នាំ២០១៩ ​ស្ថានទូត​អាក្វាឌ័រ​បានប្រគល់​លោក ​Assang ​ទៅឱ្យ​ភាគីអង់គ្លេស បន្ទាប់មក ភាគីអាមេរិកបាន​ចេញផ្សាយ​សេចក្តីស្នើសុំអំពី​ការធ្វើបត្យាប័ន ។

រឿងរបស់​លោក ​Assang ​បាននាំឱ្យ​ពិភពលោក​ឃើញច្បាស់ពី​ធាតុពិតនៃ “​សិទ្ធិមនុស្ស​”និង “ប្រជាធិបតេយ្យ”​ដែល​សហរដ្ឋអាមេរិក​បាននិយាយ​បំផ្លើស​នោះ ។ ក្នុងនាមជា​ជនជាតិអូស្ត្រាលី​ម្នាក់ដែលរស់នៅ​ក្នុងប្រទេស​អង់គ្លេស លោក ​Assang លាតត្រដាង​បទឧក្រិដ្ឋកម្មក្នុង​សង្គ្រាមនិង​ភស្តុតាងជ្រៀត​ជ្រែកកិច្ចការផ្ទៃ​ក្នុងរបស់ប្រទេស​ផ្សេងទៀត​របស់​សហរដ្ឋអាមេរិក ​បាន​បណ្តាលឱ្យ​រដ្ឋាភិបាល​អាមេរិក​ខ្លឹងសម្បា​យ៉ាងខ្លាំង ។​ រដ្ឋាភិបាល​អាមេរិកបាន​ទាមទារឱ្យធ្វើ​បត្យាប័នលោក ​Assang ​ជាច្រើនលើក ​នេះជាការសង​សឹករបស់​យុត្តិធម៌អាមេរិក​ដោយ​ឆ្លៀតប្រើ​ “ការលូតដៃ​គ្រប់គ្រង” ។

មិនថាលោក ​Assange និង​លោក ​Edward ​Snowden ឬក៏លោក​ Perer ​Arnett ​អ្នកសារព័ត៌មាន​ល្បីឈ្មោះរបស់​សហរដ្ឋអាមេរិកដែល​បានបាត់បង់​ការងារ​ដោយសារបាន​និយាយត្រង់ៗ​ថា សហរដ្ឋអាមេរិក​បាន “ទទួល​បរាជ័យ”​ក្នុងសង្គ្រាម​អ៊ីរ៉ាក់ វាសនា​របស់ពួកគេ​ហាក់ដូចជា​កញ្ចក់មួយដែល​បាន​បញ្ចាំងពី​ភាពក្លែងក្លាយនិង​អាក្រក់នៃ ​“សេរីភាពបែប​អាមេរិក” ។

កាលពី​ខែមករាឆ្នាំនេះ ​លោក ​Andrés Manuel ​López Obrador ​ប្រធានាធិបតី​ម៉ិកស៊ិក​បានថ្លែងថា​ មុនពេល​លោកត្រាំ​ អតីត​ប្រធានាធិបតីអាមេរិក​បញ្ចប់អាណត្តិ ​លោកធ្លាប់សរសេរ​សារលិខិត​មួយច្បាប់ឱ្យ​លោកត្រាំ ​ដើម្បីទាមទារឱ្យ​ដោះលែង​លោក Assange​ ។ លោក ​Obrador ​បាន​ថ្លែងទៀតថា ​“ខ្ញុំបានផ្ញើ​សារលិខិតនោះ​ តែមិនដែល​ទទួលបាន​ការឆ្លើយតប​វិញអីទេ ​។” ក្រោម ​“ស្តង់ដារ​ពីរបែប​អាមេរិក”​ដែលល្បីឈ្មោះ​នៅទូទាំង​ពិភពលោក ​នេះគឺជាសារលិខិត​មួយដែលមិន​អាចទទួលបាន​ការឆ្លើយតបមកវិញ ៕

To Top