ព័ត៌មានជាតិ

ប្រធានាធិបតី អាមេរិក សរសេរលិខិតផ្ទាល់ដៃ ផ្ញើជូន សម្តេចតេ ជោ ហ៊ុន សែន បញ្ជាក់ ថាអាមេរិកមិន គាំទ្រ ឱ្យ មានការប្តូរ របបនៅកម្ពុជា នោះទេ

ភ្នំពេញ៖ លោក ដូណាល់ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បានសរសេរលិខិត ដោយ ផ្ទាល់ដៃផ្ញើជូនសម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា តាមរយៈឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជាថា សហរដ្ឋអាមេរិកមិនគាំទ្រ ឱ្យមានការប្តូររបប នៅ កម្ពុជានោះទេ ។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍បាយ័ន ។

ក្នុងឱកាសដែល លោកPatrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បាននាំនូវ លិខិតរបស់ ប្រធានាធិបតី សហរដ្ឋអាមេរិក មកជូនសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី ២១ វិច្ឆិកា នេះ លោក កៅ គឹមហួន រដ្ឋមន្ត្រី ប្រតិភូ អមនាយករដ្ឋមន្ត្រី បាន ប្រាប់ ក្រុមអ្នកសារព័ត៌មាន ថា នេះជាលើកទី១ហើយ ក្នុងប្រវត្តិសាស្ត្រ ដែលប្រធានាធិបតី សហរដ្ឋអាមេរិក បាន សរសេរលិខិតដោយផ្ទាល់ដៃ ផ្ញើជូនសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ត ការរិតចំណងទាក់ទង កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែ មានការ រីកចម្រើនល្អប្រសើរឡើងថែមទៀត គោរពអធិបតេយ្យភាពកម្ពុជា ជាពិសេសឯកឧត្តម ប្រធានាធិបតីអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិក មិនមាន ការគាំទ្រ ឱ្យមានការប្តូរ របបនៅកម្ពុជា នោះទេ ។

លោកបានបន្ត ឱ្យដឹងទៀតថា នៅក្នុងជំនួបនេះ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក៏បានគូសបញ្ជាក់ដែរថា សហរដ្ឋអាមេរិកគាំទ្រ កម្ពុជាទទួលស្គាល់ កម្ពុជាតាំង ពីមុនកម្ពុជា ទទួលបានឯករាជ្យពីបារាំង នៅឆ្នាំ១៩៥៣ ទៅទៀត ។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត ក៏បានសម្ដែងរួមការ សោកស្ដាយ និង កាន់ទុក្ខ ចំពោះ ការបាត់បង់ ព្រះរាជ បុត្រី ព្រះរៀមបុប្ផាទេវី ហើយ សម្ដេចក៏បាន អរគុណចំពោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលបានចូលរួម មរណទុក្ខ នេះហើយ ក៏បានអរគុណ ដល់ ឯកឧត្តមPatrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែល កន្លងមក បាន ចូលរួម យ៉ាងសកម្មក្នុងការគោរព និងចូលរួមបុណ្យជាតិរបស់កម្ពុជា គឺជាបុណ្យអុំទូក និងបានធ្វើការជាបន្តបន្ទាប់ ជាមួយនឹងមន្ត្រីដូចជាជួបជាមួយ សម្ដេច ទៀបាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការពារជាតិ , ជួប ជាមួយនឹង រដ្ឋមន្ត្រីក្រសួង ព័ត៌មានជាដើមហើយសម្ដេចពិតជា មានការរីករាយ ដែលឯកឧត្តម បានបន្តធ្វើការ ជាមួយមន្ត្រីរបស់រដ្ឋាភិបាល ។

ជំនួបទ្វេភាគីនេះ គឺមានលក្ខណៈល្អ ជាពិសេសការខិតខំធ្វើយ៉ាងណាបន្តពង្រីក និង ពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី ។

ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ក៏បាននាំនូវ លិខិតមួយ ផ្សេ ងទៀតពាក់ព័ន្ធ នឹង កិច្ចសហប្រតិបត្តិការ រវាង អាស៊ាន និង សហរដ្ឋអាមេរិក ព្រោះលិខិតនេះ គឺជាលិខិត ផ្ទាល់ដែលចុះហត្ថលេខា ដោយ ឯកឧត្តម ប្រធានាធិបតីដូណា ល់ត្រាំ ផ្ញើជូនមកសម្ដេច ជួបផ្ទាល់ដែរហើយ អ្វីដែលសំខាន់ នៅក្នុងលិខិតនេះ លោកប្រធានាធិបតី ដូណា ល់ត្រាំ បាន អញ្ជើញសម្ដេចតេជោ នាយករដ្ឋមន្ត្រីទៅចូលរួម កិច្ចប្រជុំកំពូល អាស៊ាន សហរដ្ឋអាមេរិក នៅសហរដ្ឋអាមេរិក ក្នុង មួយឆ្នាំ២០២០ ខាងមុខ ។

ដោយសារអាមេរិក ជាដៃគូយុទ្ធសាស្ត្រ របស់អាស៊ាន ដូច្នេះសម្ដេចបានមានប្រសាសន៍ថា សម្ដេចគាំទ្រ គំនិតផ្ដួចផ្ដើមរបស់ លោក ប្រធានាធិបតី ដូ ណា ល់ ត្រាំ នៅក្នុង កិច្ចប្រជុំ កំពូល អាស៊ាន សហរដ្ឋអាមេរិក ដែលជា កិច្ចប្រជុំ ពិសេស ។

ឆ្នាំ ២០១០ បានធ្វើ ម្ដង រួចមកហើយៗ នៅ ទីក្រុង ញូយ៉ក ក្នុង ឆ្នាំ ២០២០ នោះ កម្ពុជា គាំទ្រ កិច្ចប្រជុំ នេះ ដោយសារ អាមេរិក ជា ដៃគូ យុទ្ធសាស្ត្រ របស់ អាស៊ាន ព្រោះថា អាស៊ាន និង សហរដ្ឋអាមេរិក មាន កិច្ចសហប្រតិបត្តិការ ជាច្រើន វិស័យ កំពុង ដើម្បី ផលប្រយោជន៍ ទាំងសងខាង ។

សម្ដេចថា ក្នុងបញ្ហានេះ សម្ដេចនឹងពិភាក្សា ជាមួយមេដឹកនាំ អាស៊ានដទៃទៀត ដើម្បី គាំទ្រ ធ្វើយ៉ាងណា ឲ្យ មានការឯកភាពគ្នា ជាឯកច្ឆន្ទ សម្រាប់ការចូល កិច្ចប្រជុំ នៅពេល ខាងមុខនេះ ដូច្នេះគោលជំហររបស់សម្ដេចគឺច្បាស់លាស់គាំទ្រ ធ្វើយ៉ាងណាឱ្យដៃគូយុទ្ធសាស្ត្រ អាស៊ាន សហរដ្ឋអាមេរិក នេះបន្តរីកចម្រើនបន្តផ្ដល់ផលប្រយោជន៍ឲ្យគ្នា ទៅវិញទៅមក។ សម្តេចក៏បានជំរាបឯកអគ្គរដ្ឋទូតផងដែរ ថាសម្តេច នឹងធ្វើ លិខិត ឆ្លើយតប វិញទៅនឹងលិខិត របស់ឯកឧត្តម ប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបាន សរសេរដោយផ្ទាល់ដៃ ផ្ញើជូនសម្តេច នៅពេលនេះ ៕

To Top