Covid-19

អ្នកនាំពាក្យ ក្រសួងសុខាភិបាល បញ្ជាក់ថា មិនមែនលោតទេ គឺភ្លាត់ជើងធ្លាក់ ដោយសារ ភាពរវើរវាយ នៃឥទ្ធិពល ថ្នាំញៀន

ភ្នំពេញ៖ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានធ្វើការបកស្រាយ ចំពោះ​ករណី ពលករ​ខ្មែរ​ម្នាក់ ដែល​ទើប​មកពី ប្រទេស​ម៉ាឡេស៊ី បាន​រងរបួស​ធ្ងន់ ដោយសារ​លោត ពីលើ​អគារ​សណ្ឋាគារ ឡង លីវ ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​លោកស្រី បាន​អះអាងថា បុគ្គល​នេះ ភ្លាត់ជើង​ធ្លាក់ ដោយ​សារភាព​រវើរវាយ នៃ​ឥទ្ធិពល​ថ្នាំញៀន បញ្ហា​ជំពាក់​លុយ គេ​ច្រើន ដែល​ពាក់ព័ន្ធ​នឹង គ្រឿងញៀន​នេះ ។​

​លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​មានប្រសាសន៍ បកស្រាយ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ព្រឹក​ថ្ងៃទី​១១​ខែធ្នូ​នេះ​ថា  “ដោយសារ​មានការ​សាកសួរ ច្រើនលើក ករណី​បុរស ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ ឡង លីវ លោត​ពី​ជាន់​ទី​៥ ( នៃ​អគារ​សណ្ឋាគារ ឡង លីវ ) នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ហើយ​កំពុងតែ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត ខ្ញុំ​សូម​ជម្រាបជូន​សាធារណជន ឲ្យ​បាន​ជ្រាបថាៈ បុគ្គល​នេះ កំពុងតែ​សង្គ្រោះ នៅ​មន្ទីរ ពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត ដែល​បច្ចុប្បន្ន បានដឹងខ្លួន និង​និយាយបាន​ខ្លះៗ​ហើយ តែ​ស្ថិតនៅក្នុង​សភាព​ធ្ងន់ធ្ងរ​នៅឡើយ​ទេ “​។​

ជនរងគ្រោះ ឈ្មោះ សួន វាសនា អាយុ​២៣​ឆ្នាំ ដែល​ទើប​មកពី ប្រទេស​ម៉ាឡេស៊ី​នោះ ហើយ​ក្រសួងសុខាភិបាល តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ស្នាក់​ក្នុង​បន្ទប់ ៥១១ នៅ​សណ្ឋាគារ ឡង លីវ ស្ថិតនៅ​តាមផ្លូវ​សុធារ​ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ហើយបាន​លោត​ពីលើ អគារ​សណ្ឋាគារ ក្នុង​គោល បំណង​ធ្វើអត្តឃាត បណ្តាលអោយ​ធ្លាយ​ដំបូល សាលារៀន​សុធារស និង​រងរបួស​ធ្ងន់ កាលពី​ម៉ោង​ប្រហែល ១០ ព្រឹក ថ្ងៃទី​១០ ខែធ្នូ

​យ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិត បន្ថែមថា “តាម​ការសាកសួរ បុគ្គល​នេះ​ផ្ទាល់ គឺ​គាត់​ភ្លាត់ជើង​ធ្លា​ក់មក ដោយ​សារភាព​រវើរវាយ របស់គាត់ ដែលជា​ឥទ្ធិពល នៃ​ការប្រើប្រាស់ ថ្នាំញៀន​ម្យ៉ាង​ក៏មាន ការពាក់ព័ន្ធ​នឹង​បញ្ហា ជំពាក់​លុយ​គេ​ច្រើន ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ” ។ “ការធ្វើ​តេស្ត ទឹកនោម​គាត់ គឺ​ឃើញ​មាន​សារធាតុ​ញៀន ប្រភេទ​អំ​ហ្វេ​តា​មីន​។ គាត់​មាន​លទ្ធផល តេស្ត​អវិជ្ជមាន វីរុស​កូ​វីដ​-១៩ តែ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត នៅ​សណ្ឋាគារ ឡង លីវ តាំងពី​ថ្ងៃទី​២ ខែធ្នូ មកម្ល៉េះ​។ ដូច្នេះ ជា​រឿង​ផ្ទាល់ខ្លួន​គាត់ មិនមាន​ពាក់ព័ន្ធ​នឹង​បញ្ហា​កូ​វីដ​-១៩ នោះឡើយ”។

យ៉ាងណាក៏ដោយ នេះជាករណីទី១​ សម្រាប់ការធ្វើចត្តាឡីស័ក ដែលមានហេតុការណ៍នេះ កើតឡើង៕

ដោយ៖ សយ សុជាតា

To Top