បរទេស៖ នៅថ្ងៃទី ១៤ ខែធ្នូ អង្គបោះឆ្នោត បានប្រមូលផ្តុំនៅទូទាំងរដ្ឋអាមេរិក ដោយបោះឆ្នោតជាមួយនឹង ៣០២ សំឡេងទៅឱ្យលោកចូបៃដិន ដែលបញ្ជាក់ពីជ័យជម្នះ របស់លោកក្នុងការបោះឆ្នោត ប្រធានាធិបតី កាលពីខែវិច្ឆិកា។ វិមានក្រឹមឡាំងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរពូទីន បានផ្ញើលិខិតអបអរសាទរ ដល់លោក បៃដិន បន្ទាប់ពីទទួលបានជ័យជំនះ ចុងក្រោយ នៅក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងប្រព័ន្ធតេឡេក្រាម លោកពូទីន បានជូនពរដល់ ប្រធានាធិបតី ជោគជ័យគ្រប់ភារកិច្ច និងបានបង្ហាញនូវជំនឿចិត្តថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលទទួលខុសត្រូវពិសេស ចំពោះសន្តិសុខនិងស្ថិរភាព ពិភពលោក ពិតជាអាចចូលរួមចំណែក ក្នុងការដោះស្រាយ បញ្ហាជាច្រើន ដែលពិភពលោកជួបប្រទះ នាពេលបច្ចុប្បន្នទោះបី មានភាពខុសគ្នា ក៏ដោយ។ នេះបើសេចក្តីថ្លែងការណ៍ របស់វិមានក្រឹមឡាំង។
លោកពូទីន ក៏បាននិយាយនៅក្នុងសារ របស់លោកផងដែរថា រដ្ឋាភិបាលទីក្រុងមូស្គូបានត្រៀមខ្លួន សម្រាប់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយ រដ្ឋបាលលោក បៃដិន រួចហើយ ដោយបន្ថែមថា“ កិច្ចសហប្រតិបត្តិការ ផ្អែកលើការគោរព គ្នាទៅវិញទៅមក” រវាងប្រទេសទាំងពីរ“ នឹងបម្រើផលប្រយោជន៍” មិនត្រឹមតែអាមេរិកនិងរុស្ស៊ី ប៉ុណ្ណោះទេថែមទាំង ពិភពលោកទាំងមូលទៀតផង៕
ប្រែសម្រួលៈ ណៃ តុលា