ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល២២ឆ្នាំហើយដែលកម្ពុជា រកបាននូវសុខសន្តិភាព និងមានការឯកភាពជាតិ ទាំងស្រុង ជាប្រវត្តិសាស្ត្រ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ស្អែកជាខួប២២ឆ្នាំនៃការបញ្ចប់សង្គ្រាម នៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ ២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០២០។
សម្ដេចតេជោ មានប្រសាសន៍ថា «នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ មានរយៈពេល២២ឆ្នាំហើយ ដែលកម្ពុជា រកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន»។
សម្ដេចតេជោ បន្ដថា នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលនឹងនាំមកនូវការធានាដល់សន្តិសុខសង្គម ការ បង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចិីរភាព៕ ដោយ អេង ប៊ូឆេង