ភ្នំពេញ៖ កូនផ្សោតដែលបានប្រទះឃើញ កើតនាពេលថ្មីៗនេះ ជាកូនផ្សោតទី១២ហើយ ដែលបានកត់ត្រាថា បានកើតក្នុងឆ្នាំ២០១៩ ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា។ ក្នុងនោះកូនផ្សោត៦ក្បាលត្រូវបានកត់ត្រាកើតនៅខេត្តស្ទឹងត្រែង និងកូនផ្សោត៦ក្បាលទៀតត្រូវបានកត់ត្រាកើតនៅខេត្តក្រចេះ ។
យោងតាមការផ្សព្វផ្សាយរបស់អង្គការ WWFប្រចាំកម្ពុជា នាថ្ងៃទី២៥ វិច្ឆិកា បានឲ្យដឹងថា កូនផ្សោតកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញកាលពីថ្ងៃទី២០ វិច្ឆិកា នៅម៉ោងប្រមាណជា ៨និង៣០ នាទីព្រឹក ស្ថិតក្នុងអន្លង់សត្វផ្សោតត្បូងខ្លា ក្នុងភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ក្រុមការងារផ្នែកស្រាវជ្រាវនៃ WWF និងរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង បានចុះទៅពិនិត្យអង្កេតកូនផ្សោតដែលទើបកើតថ្មី ក្រោយពេលទទួលបានព័ត៌មាន ពីក្រុមការងារឆ្មាំទន្លេប្រចាំប៉ុស្តិ៍កោះជ្រឹម កាលពីថ្ងៃ១៧ វិច្ឆិកា។ ក្រោយពេលចុះពិនិត្យ ក្រុមការងារស្រាវជ្រាវ ពិតជាបានប្រទះឃើញកូនផ្សោតកើតថ្មីនោះ ហើយក៏បានធ្វើការអង្កេត និងថតរូបកូនផ្សោត និងមេរបស់វា។ កូនផ្សោតកើតថ្មីនោះ មានអាយុប្រហែលជាប្រាំថ្ងៃ នៅក្នុងហ្វូងសត្វផ្សោតធំចំនួនប្រមាណជា៦ក្បាល៕