បរទេស៖ ប្រទេសឡាវបានរឹតបន្តឹង ការត្រួតពិនិត្យប្រឆាំងនឹងការ ចូលប្រទេសខ្លួនដោយខុសច្បាប់ បន្ទាប់ពីការនាំចូលវីរុសកូវីដ១៩ពីរនាក់ ពីប្រទេសថៃ ដែលបានបញ្ជាក់ពីការភ័យខ្លាចថា ការផ្ទុះវីរុសនៅក្នុងប្រទេសថៃ អាចរាលដាលដល់ព្រំដែន។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត Vientiane Timesបានរាយការណ៍នៅថ្ងៃចន្ទថា អាជ្ញាធរឡាវបានបង្កើនវិធានការ ដើម្បីការពារការឆ្លងដែនខុសច្បាប់ បន្ទាប់ពីមានការកើនឡើងនូវករណីឆ្លងថ្មីៗ នៅក្នុងប្រទេសថៃ។
បណ្តាញព័ត៌មានជាភាសាអង់គ្លេសផ្លូវការ ប្រទេសឡាវ មិនបានប្រាប់ពីប្រភពនោះទេ ប៉ុន្តែការរឹតបន្តឹងនេះបានធ្វើឡើង បន្ទាប់ពីការរកឃើញករណីឆ្លងវីរុសថ្មី ចំនួនពីរក្នុងរយៈពេលប្រហែលពីរខែ ហើយពួកគេទាក់ទងនឹងប្រទេសថៃ។ ករណីឆ្លងថ្មីនេះបានធ្វើឱ្យចំនួនសរុប នៃការឆ្លងបានបញ្ជាក់នៅក្នុង ប្រទេសឡាវកើនឡើងដល់ ៤៣នាក់ ប៉ុន្តែវានៅតែជាតួលេខ ទាបបំផុតនៅអាស៊ីអាគ្នេយ៍ និង មិនមានរបាយការណ៍អំពី ការស្លាប់នៅប្រទេសឡាវនោះទេ។
រដ្ឋាភិបាលទីក្រុងវៀងចន្ទន៍មានការព្រួយបារម្ភថា ពលករឡាវដែលរត់គេចពីការផ្ទុះឡើង នៅប្រទេសថៃដែលអាចបង្កឱ្យមានការផ្ទុះឡើង មួយផ្សេងទៀតនៅក្នុងប្រទេសឡាវ។ នេះបើយោងតាមការ ចុះផ្សាយរបស់កាសែត Vientiane Times ៕
ប្រែសម្រួលៈ ណៃ តុលា