ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានលើកឡើងហាក់មានការងើយឆ្ងល់ថា ប្រជាពលរដ្ឋខ្មែរបង់ពន្ធតាមទំនិញ និងពិសារអាហារ ប៉ុន្តែតើគេយកលុយពន្ធទៅណា?
គ ប ម ថា ឬយកទៅបើកប្រាក់ខែ ឲ្យសមាជិករាជរដ្ឋាភិបាល មន្រ្តីរាជការ ប៉ូលីស ទាហាន កសាងសាលា និងផ្លូវថ្នលជាដើម?
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរលើបណ្ដាញ សង្គេមហ្វេសប៊ុកនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា នៅពេលអ្នកទិញ ខោអាវ និងពិសារអាហារ នឹងឃើញក្រដាសគិតលុយ (វិក្កយបត្រ) ដែលបញ្ជាក់ថា អ្នកបានបង់ពន្ធ១០% ជូនរដ្ឋបានន័យថា “បើអ្នកទិញ ឬញាំអាហារ ១០ដុល្លារ អ្នកបង់ពន្ធ១ដុល្លារ”។ បើអ្នកចាក់សាំង១លីត្រ អស់៤០០០រៀល អ្នកបង់ពន្ធ១០០០រៀល (២៥%) ហើយកម្រិតប្រាក់ខែលោកអ្នក រដ្ឋកាត់ពន្ធពីអ្នកពី៥% ១០% ២០% ។
គណបក្សនេះបន្តថា “មានពន្ធជាច្រើនទៀតដែលពលរដ្ឋខ្មែរបានបង់ដោយផ្ទាល់ ឬដោយប្រយោលទៅចិញ្ចឹមរដ្ឋ។ តើគេយកលុយពន្ធទៅណា? គេយកលុយពន្ធរបស់អ្នក ទៅបើកប្រាក់ខែឲ្យសមាជិករាជរដ្ឋាភិបាល ដ៏ច្រើនស្អេកស្កះ និងមន្រ្តីរាជការ ប៉ូលីស ទាហាន សាងសង់សាលា ធ្វើផ្លូវ”។
ប្រភព ដដែលបន្ដថា នៅពេលគេយកលុយពន្ធ របស់អ្នកសង់សាលា ឬធ្វើផ្លូវ គេផ្សព្វផ្សាយឲ្យអ្នកអរគុណ គណបក្សប្រជាជនដែលដឹកនាំរាជរដ្ឋាភិបាល។ នៅពេលផ្លូវដែលសាងសង់សម្រាប់ ១០ឆ្នាំ ឬ២០ឆ្នាំ ខូចអស់ក្នុងរយៈពេលតែ១ ឬ២ឆ្នាំ គេក៏យកលុយពន្ធរបស់អ្នកទៅជួសជុល ហើយផ្សព្វផ្សាយប្រាប់អ្នកថា គេខំប្រឹងធ្វើរហូត ។
ជាងនេះទៅទៀត បក្សមូលដ្ឋាន ចោទជាសំនួរថា តើអ្នកមានដឹងដែរទេថា តើគេយកលុយពន្ធរបស់អ្នកធ្វើអ្វីខ្លះ ធ្វើបែបណា ហើយអ្នកណាទទួលខុសត្រូវ លើការចាយលុយពន្ធ មិនត្រឹមត្រូវបែបពុករលួយ? តើអ្នកដែលទទួលប្រាក់ខែ និងចាយវាយលុយពន្ធមាន ដែលនឹកឃើញដែរឬទេថា លុយទាំងនេះ គឺជាការខំប្រឹងហូរញើស ហូរឈាមរបស់រាស្រ្តខ្មែរ?៕
ដោយ អេង ប៊ូឆេង