Covid-19

វ៉ាក់សាំងកូវីដ១៩ចំនួន ៦០ម៉ឺនដូសជាជំនួយរបស់ចិន នឹងដឹកមកដល់កម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ទី៧ កុម្ភៈ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្ដងទៀតថា វ៉ាក់សាំងកូវីដ១៩ចំនួន ៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន ក្នុងដំណាក់កាលដំបូងនឹង ដឹកមកដល់កម្ពុជានៅល្ងាចថ្ងៃអាទិត្យ ទី៧ កុម្ភៈ ២០២១។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសចាក់វ៉ាក់សាំងនេះ មុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត នៅម៉ោង៨និង៣០នាទីថ្ងៃទី១០ កុម្ភៈ២០២១ ។ ក្រោយចាក់វ៉ាក់សាំងនេះរួចសម្ដេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទកាសែត នៅមន្ទីរពេទ្យកាល់ម៉ែត្រផ្ទាល់តែម្តង។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី៥ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “វ៉ាក់សាំងដែលជាជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន មកកាន់ក្រសួងការពារជាតិកម្ពុជា នឹងដឹកមកដល់កម្ពុជាចំនួន ៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧ កុម្ភៈ ២០២១ ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន ១លានដូស។
ម៉ោង៨និង៣០នាទី ថ្ងៃទី១០ កុម្ភៈ ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹង ចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលខ្លួនខ្ញុំនឹងទទួលមុនគេ ជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។ ការចាក់វ៉ាក់សាំងនេះនឹងមានការ ផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹង ធ្វើសន្និសីទសារព័ត៌មាន នៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង” ។

សម្ដេចតេជោរំលឹកថា “ថ្ងៃនេះជាខួបមួយឆ្នាំនៃ ដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន (៥ កុម្ភៈ ២០២០ -៥ កុម្ភៈ ២០២១) ដែលជាទស្សនកិច្ចមានអត្ថន័យ ដ៍ជ្រាលជ្រៅនៃចំណង
មិត្តភាព សាមគ្គីភាពក្នុងដំណាក់កាល ដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះខ្ញុំបានប្រើពាក្យថា (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)។ សូមអរគុណ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀត ដែលបានទទួលរូបខ្ញុំនិងគណប្រតិភូ ជាពិសេសបានជួយដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំង នៅទីក្រុងវូហានផងអោយជៀសផុតពីជម្ងឺឆ្លង និងទទួលបាននូវការសិក្សាប្រកប ដោយសុវត្ថិភាពនៅក្នុងប្រទេសចិនជាមិត្ត”។

សូមរំលឹថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ កុម្ភៈ បានប្រកាសអនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពី យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល»។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន ៤៧០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៥២នាក់ និងអ្នកជំងឺ ១៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕

To Top