ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មលើ មេដឹកនាំយោធាមីយ៉ាន់ម៉ា ១០រូប និងអង្គភាពយោធាចំនួន៣

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ទណ្ឌកម្ម ជាបន្តបន្ទាប់ប្រឆាំងនឹងមេដឹកនាំ និងអង្គភាពយោធាជាច្រើន របស់ប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងរតនាគារបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានជ្រើសរើសមន្ត្រីយោធាបច្ចុប្បន្ន និងអតីតចំនួន ១០ នាក់ និងបានដាក់ក្នុងបញ្ជីខ្មៅនូវអង្គភាពចំនួន ៣ ដែលទាក់ទងនឹងកម្លាំងយោធា ឬសន្តិសុខរបស់ប្រទេសមីយ៉ាន់ម៉ា។

យោងតាមឯកសារអង្គហេតុ ដែលចេញដោយសេតវិមាន ក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានកំណត់ការនាំចេញទំនិញ រសើបទៅកាន់យោធាមីយ៉ាន់ម៉ា និងអង្គភាពដទៃទៀតផងដែរ។

លើសពីនេះទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នឹងបង្វែរជំនួយចំនួន ៤២,៤លានដុល្លារសហរដ្ឋអាមេរិកពីកម្មវិធី ដែលផ្តល់ផលប្រយោជន៍ ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ចំពោះកម្មវិធីដែលគាំទ្រ និងពង្រឹងសង្គមស៊ីវិល និងវិស័យឯកជន។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា រដ្ឋបាលរបស់លោក កំពុងចាត់វិធានការ ដើម្បីរារាំងឧត្តមសេនីយ៍មីយ៉ាន់ម៉ា ពីការទទួលបានមូលនិធិរដ្ឋាភិបាលចំនួន ១ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានកាន់កាប់នៅសហរដ្ឋអាមេរិក។

លោកក៏បានអំពាវនាវ ដល់យោធាមីយ៉ាន់ម៉ា ឱ្យដោះលែងអ្នកជាប់ឃុំជាបន្ទាន់ រួមមានលោកប្រធានាធិបតី និងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី។

នៅក្នុងនោះដែរ ស្ថានភាពគ្រាអាសន្នមួយឆ្នាំត្រូវបាន ប្រកាសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីលោកប្រធានាធិបតី និងលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចាប់ខ្លួន ដោយយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ៕

ដោយ ឈូក បូរ៉ា

To Top