Covid-19

កាសែត Bangkok Post ផ្សាយថា ជំងឺកូវីដ១៩ ដែលបំលែងខ្លួនថ្មី ចូលមកដល់ប្រទេសថៃ

បរទេស៖ អគ្គនាយក នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ លោក Opas Karnkawinpong បាននិយាយថា ជំងឺកូវីដ១៩ដែលបំលែងខ្លួនថ្មី នៅប្រទេសអាហ្វ្រិកខាងត្បូង ដែលគេជឿថា វាមានភាពធន់នឹងវ៉ាក់សាំងនោះ គឺត្រូវបានគេរកឃើញ ទៅលើជនជាតិថៃម្នាក់ មកពីប្រទេសតង់ហ្សានី កាលពីចុងខែមុន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Opas Karnkawinpong បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃអាទិត្យថា “នាយកដ្ឋានកំពុងឃ្លាំមើល យ៉ាងដិតដល់នូវស្ថានការណ៍នេះ បន្ទាប់ពីមានការព្រួយបារម្ភថា ជំងឺកូវីដ១៩ដែលបំលែងខ្លួនថ្មី នៅប្រទេសអាហ្វ្រិកខាងត្បូង អាចឈានដល់ប្រទេសថៃ” ។

អ្នកជំងឺដែលឆ្លងជំងឺនេះ គឺជាបុរសជនជាតិថៃអាយុ ៤១ ឆ្នាំ ដែលបានធ្វើដំណើរ ទៅប្រទេសតង់ហ្សានី ដើម្បីរកស៊ី មុនពេលត្រឡប់មកប្រទេសថៃវិញ នៅថ្ងៃទី ២៩ ខែមករា។ លោកវេជ្ជបណ្ឌិត Opas បានទទូចថា មិនមានភ័ស្តុតាង ក្នុងករណីអ្នកជំងឺនេះ មានការប្រែប្រួល ដែលបាននាំឱ្យមានជំងឺធ្ងន់ធ្ងរ បន្ថែមទៀតនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top