បរទេស៖ បុរសម្នាក់នៅរដ្ឋគូចារ៉ាត់ ប្រទេសឥណ្ឌា បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទទួលបានវ៉ាក់សាំងដូស លើកទី២ ប្រឆាំងនឹងជំងឺឆ្លងនេះ។ គាត់គឺជាមន្រ្តីសុខាភិបាល និងធ្វើការនៅ Dehgam Taluka ក្នុងទីក្រុង Gandhinagar រដ្ឋធានីរបស់រដ្ឋ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា បើយោងតាមប្រធានផ្នែកសុខភាពរបស់ក្រុង Gandhinagar លោកវេជ្ជបណ្ឌិត M.H. Solanki បានប្រាប់ថា ប៉ុន្មានថ្ងៃបន្ទាប់ពីទទួលថ្នាំបង្ការលើកទី ២ បុរសនោះបានរាយការណ៍ថា មានអាការៈគ្រុនក្តៅ។ សំណាករបស់គាត់ត្រូវបានពិនិត្យ និងបង្ហាញថា គាត់មានវិជ្ជមានវីរុសកូវីដ១៩នៅថ្ងៃទី ២០ ខែកុម្ភៈ។
ការពន្យល់ពីរបៀបដែលវ៉ាក់សាំងនេះ មានប្រសិទ្ធភាព លោក Solanki បានប្រាប់អ្នកយកព័ត៌មានថា “ជាទូទៅវាត្រូវការពេលប្រហែល ៤៥ថ្ងៃ សម្រាប់អង្គបដិប្រាណប្រឆាំងនឹង ការឆ្លងដើម្បីវិវឌ្ឍន៍បន្ទាប់ពីការ ចាក់វ៉ាក់សាំងទាំងពីរត្រូវបានគ្រប់គ្រង។ ដូច្នេះយើងកំពុងណែនាំឱ្យ អ្នករាល់គ្នាតាមដានរាល់បទដ្ឋាន នៃការការពារដែលរាប់បញ្ចូល ទាំងការរក្សាគម្លាតសង្គម ពាក់ម៉ាស ទោះបីជាបានចាក់វ៉ាក់សាំង គ្រប់ដូសរួចហើយក៏ដោយ ៕
ប្រែសម្រួលៈ ណៃ តុលា