ព័ត៌មានអន្តរជាតិ

អាមេរិក យល់ព្រមឲ្យពលរដ្ឋ ដែលទទួលការវ៉ាក់សាំងរួច អាចជួបជុំគ្នា ដោយមិនចាំបាច់ពាក់ម៉ាស់

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារការពារសុខភាព សហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទម្សិលមិញនេះ បានចេញសេចក្តីណែនាំជាលើកដំបូង ស្តីពីសកម្មភាព ដែលត្រូវបានគេគិតថា មានសុវត្ថិភាព សម្រាប់មនុស្ស ដែលបានចាក់វ៉ាក់ សាំងប្រឆាំង នឹងមេរោគឆ្លង ដោយផ្តល់នូវការយល់ព្រម ទៅការជួបជុំក្នុងផ្ទះជាក្រុមតូចៗ ដោយមិនចាំបាច់ពាក់របាំងមុខ ។

អនុសាសន៍របស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ យ៉ាងណាក៏ដោយ នៅតែអំពាវនាវឱ្យប្រជាជន ដោយមិនគិតពីថាតើពួកគេត្រូវបានចាក់វ៉ាក់សាំង ឬអត់ពាក់របាំងមុខ នៅតាមទីសាធារណៈ និងជៀសវាងការធ្វើដំណើរ ដែលមិនចាំបាច់ ក៏ដូចជាការប្រមូលផ្តុំពីមធ្យម និងធំជាដើម។

ការប្រកាសនេះធ្វើឡើង នៅពេលរដ្ឋបាល របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ចាក់វ៉ាក់សាំង ដោយមានចាក់ថ្នាំបង្ការច្រើនជាង ២ លានដូស ក្នុងមួយថ្ងៃ ។ សហរដ្ឋអាមេរិក គឺជាប្រទេសដែលរងផល ប៉ះពាល់ធ្ងន់ធ្ងរបំផុត ពីការរាតត្បាតទាក់ទងនឹងចំនួនករណីឆ្លង និងករណីស្លាប់នៃជំងឺកូវីដ-១៩ ។

នាយក CDC លោក Rochelle Walensky បានប្រាប់សន្និសីទសារព័ត៌មានថា “យើងជឿជាក់ថា អនុសាសន៍ថ្មីទាំងនេះ គឺជាជំហានដំបូង ដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង របស់យើង ដើម្បីបន្តសកម្មភាពប្រចាំថ្ងៃ នៅក្នុងសហគមន៍របស់យើង” ។

ប្រជាជនត្រូវបានគេចាត់ទុកថា បានចាក់វ៉ាក់សាំងពេញ លេញសម្រាប់ជំងឺកូវីដ -១៩ ដែលជាជំងឺផ្លូវដង្ហើម ដែលបង្កឡើងដោយវីរុសកូរ៉ូណា ពីរសប្តាហ៍បន្ទាប់ពីពួកគេបាន ចាក់វ៉ាក់សាំងលើកទី ២ ជាស៊េរីពីរដូស ឬពីរសប្តាហ៍ បន្ទាប់ពីពួកគេបានទទួលវ៉ាក់សាំង។

CDC បានឲ្យដឹងទៀតថា នៅក្រោមគោលការណ៍ណែនាំ ការប្រមូលផ្ដុំក្នុងផ្ទះរវាងមនុស្ស ដែលបានចាក់វ៉ាក់សាំង យ៉ាងពេញលេញ ទំនងជាមានហានិភ័យទាប ហើយអ្នកចូលរួមមិន ចាំបាច់ពាក់របាំងមុខ ឬនៅចម្ងាយឆ្ងាយពីគ្នានោះទេ៕

ដោយ ឈូក បូរ៉ា

To Top