ភនំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរៀបចំធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេទេសសុនខ ហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ ហើយក្រុមអ្នកបច្ចេកទេសសុនខ នៃអង្គភាពស៊ីម៉ាក់ មានទំនុកចិត្ត អាចហ្វឹកហ្វឺនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកកូវីដ-១៩បាន។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រគល់ភារកិច្ចជូនក្រសួងសុខាភិបាល និងអង្គភាព ស៊ីម៉ាក់ ឲ្យរៀបចំកម្មវិធីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខ ជាជំនួយហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ ដោយមានក្រុមអ្នកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និងក្រុមអ្នកជំនាញសុនខសិក្សារួមគ្នា។ គំនិតផ្តួចផ្តើមនេះ បង្ហាញពីការគិតគូររបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកគ្រប់វិធីសាស្ត្រ ដែលអាចធ្វើទៅបាន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក ហេង រតនា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ថា «ខ្ញុំបានចុះ មកពិនិត្យការងារសុនខ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំត្រៀមលក្ខណៈ ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេទេសសុនខហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩)។ ផ្អែកតាមបទពិសោធន៍ ជាង២២ឆ្នាំ ក្រុមអ្នកបច្ចេកទេសសុនខ នៃអង្គភាពស៊ីម៉ាក់ មានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាបាន»។
លោកបញ្ជាក់ថា អង្គភាពស៊ីម៉ាក់ត្រៀមសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេស សម្រាប់បំរើការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វើការសហការជាមួយ អ្នកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ នៃក្រសួងសុខាភិបាល។
លោក ហេង រតនា ក៏បានពិភាក្សាការងារជាមួយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយលោករដ្ឋមន្ត្រី ប្រគល់ភារកិច្ចឲ្យសកលវិទ្យា ល័យវិទ្យាសាស្ត្រសុខាភិបាល អនុវត្តផ្ទាល់ជាមួយអង្គភាពស៊ីម៉ាក់។
សូមបញ្ជាក់ថា មានប្រទេសមួយចំនួន ដូចជា ប្រទេសអាល្លឺម៉ង់ ,ហ្វាឡង់ ,អូស្ត្រាលី ,រុស្ស៊ី បាននិងកំពុងប្រើប្រាស់សុនខ ជាជំនួយហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩៕