ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ ឧបត្ថម្ភថវិកាចំនួន៥ម៉ឺន ដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធាន សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងភរិយា​ ម៉ៅ ចំណាន និងក្រុមគ្រួសារ​ បានឧបត្ថម្ភថវិកា ចំនួន ៥០,០០០ ដុល្លារ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវី១៩កន្លងមក។

ខណ:ពេលបច្ចុប្បន្នដែល ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ។

សូមជម្រាបថា ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន២៩នាក់ ដែល ២៧នាក់ជាករណីឆ្លងសហគមន៍ ( ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ) ហើយ០២នាក់ទៀត ជាករណីដែលនាំចូលពីបរទេស ខណៈដែលមានអ្នកជាសះស្បើយថ្មីមានចំនួន៣៤នាក់ផងដែរ។ តួលេខជាសរុប កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ចំនួន ១.៨១៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១.០៣៣នាក់, និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៧៧៧នាក់ និងករណីស្លាប់ ចំនួន០៥នាក់៕

To Top