ភ្នំពេញ ៖ ស្រ្តីផ្ទៃពោះជិត៧ខែ ត្រូវអ្នករត់ម៉ូតូឌុបទម្លាក់ចោល កាលពីយប់ថ្ងៃទី៣ មេសា ដោយសារខ្លាចប៉ូលិស ចាប់ម៉ូតូក្នុងពេលអនុវត្តវិធានការ រដ្ឋបាល ប៉ុន្តែអ្វីដែលកាន់តែហួសចិត្តទៀតនោះ ប្ដីរបស់ស្រ្តីមានផ្ទៃពោះខាងលើ ក៏មិនហ៊ានមកទទួលប្រពន្ធ ព្រោះខ្លាចប៉ូលិសចាប់ម៉ូតូដែរ ។
យោងតាមគេហទំព័រ ហ្វេសប៊ុក របស់ លោក ហួរ ហួត នាយករដ្ឋបាល សាលាខណ្ឌទួលគោក បានឲ្យដឹងថា «រាត្រីនេះខ្ញុំមានរឿងដ៏ហួសចិត្តមួយ ចង់ចែករំលែកជូនបងប្អូនជ្រាប ជាបទពិសោធន៍ ។ ក្នុងពេលកំពង់អនុវត្តវិធានការ រដ្ឋបាល ចំពោះអ្នកធ្វើដំណើរ នៅរាត្រីថ្ងៃទី០៣.០៤.២០២១នេះ បងស្រីម្នាក់នេះមានផ្ទៃពោះជិត៧ខែ បានធ្វើដំណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុបទំលាក់ចោល ដោយខ្លាចកំលាំងចាប់ម៉ូតូ ។ មកដល់គោលដៅត្រួតពិនិត្យខ្ញុំ បានណែនាំសម្របសម្រួល អោយប្តីគាត់ មកទទួល តែលោកប្តីថា មិនហ៊ាន ទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ ។
ចង់សួរថា ៖ តើលោកប្តីខ្លាចប៉ូលីសពេក រហូតទុកអោយប្រពន្ធពោះធំ ដើរ រហូតរាប់សិបគីឡូម៉ែត្រមែនឬ?? កំលាំងគណះបញ្ជាការឯកភាព ត្រួតពិនិត្យតាមគោលដៅ មិនមែនតឹងរឹង ម៉ឺងម៉ាត់ រហូតមិនយល់ហេតុផលនោះទេ ។ ដូចនេះខ្ញុំ ក៏បានសម្របសម្រួល អោយមានការដឹកជញ្ជូនបងស្រី ទៅផ្ទះដោយPassappតែម្តង» ៕


