បរទេស ៖ ទីក្រុងតេអេរ៉ង់ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា គោលដៅចម្បងរបស់ប្រទេសអ៊ីរ៉ង់ ក្នុងកិច្ចចរចាគ្នា នៅក្នុងសប្ដាហ៍នេះ សម្រាប់ការវិលត្រឡប់ របស់សហរដ្ឋអាមេរិក ចូលក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥នោះ គឺការដកចេញនូវទណ្ឌកម្ម សេដ្ឋកិច្ចទាំងអស់ ។
សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានព្រមព្រៀងគ្នាធ្វើកិច្ចចរចា តាមរយៈអន្តរការី នៅក្នុងប្រទេសអូទ្រីស នាថ្ងៃអង្គារនេះ ដើម្បីពិភាក្សាគ្នា អំពីភាពអាចវិលត្រឡប់វិញ របស់សហរដ្ឋអាមេរិក ហើយកិច្ចពិភាក្សាគ្នា ថ្មីនេះ គឺត្រូវបានប្រកាស នៅក្នុងកិច្ចប្រជុំ ក្នុងចំណោមប្រទេសម្ចាស់ហត្ថលេខា នៅសេសសល់ នៃកិច្ចព្រមព្រៀងនោះ កាលពីសប្ដាហ៍មុន ។
តាមសេចក្តីរាយការណ៍ នឹងមិនទាន់មានកិច្ចពិភាក្សាគ្នាផ្ទាល់ រវាងប្រទេសទាំងពីរនោះទេ នៅក្នុងអំឡុងកិច្ចចរចាថ្មី ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងវីយេន ហើយកិច្ចពិភាក្សានៅថ្ងៃអង្គារនេះ នឹងជាជំហានជាក់លាក់ដំបូង ចំពោះសហរដ្ឋអាមេរិក ដែលវិលត្រឡប់ចូលកិច្ចព្រមព្រៀងធ្វើឡើងក្នុងសម័យលោក អូបាម៉ា ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ឡើងកាន់អំណាចកាលពីជាង២ខែកន្លងទៅ ។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ ប្រទេសរុស្ស៊ី ប្រទេសចិន ប្រទេសអង់គ្លេស ប្រទេសបារាំង ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប ដែលទាំងអស់នេះសុទ្ធតែជាម្ចាស់ហត្ថលេខា នៅសេសសល់នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ បានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រសប្ដាហ៍មុន ពិភាក្សាអំពីការវិលត្រឡប់វិញ របស់សហរដ្ឋអាមេរិក ៕ ប្រែសម្រួល៖ប៉ាង កុង