ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បង្កើន ការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ស្របពេលធ្វើការ ពិភាក្សាឲ្យអាមេរិក វិលចូលកិច្ចព្រមព្រៀង នុយក្លេអ៊ែវិញ

បរទេស ៖ រដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ង់ បាននិយាយប្រាប់ទីភ្នាក់ងារ ឃ្លាំមើលនុយក្លេអ៊ែ អន្តរជាតិ នៅពេលថ្មីៗនេះថា ខ្លួនគ្រោងបង្កើន ការចម្រាញ់សារធាតុ អ៊ុយរ៉ានីញ៉ូម ជាការបំពានបន្ថែមទៀត លើលក្ខខណ្ឌ នៃ កិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ដែលសហរដ្ឋអាមេរិក កំពុងតែដំណើរការ វិលត្រឡប់ចូលរួមវិញ ។

អនុរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Abbas Araqchi បានមានប្រសាសន៍ប្រាប់ថា ប្រទេសអ៊ីរ៉ង់ បានជូនដំណឹងដល់ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ ស្តីពីគម្រោងបង្កើនចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ឲ្យដល់កំហាប់៦០ភាគរយ ចាប់ផ្តើមពីថ្ងៃពុធនេះទៅ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលចុះហត្ថលេខាកាលពី៦ឆ្នាំមុន ដោយអ៊ីរ៉ង់ សហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី ចិន អាល្លឺម៉ង់ បារាំង និងសហភាពអឺរ៉ុបនោះ អនុញ្ញាតទីក្រុង តេអេរ៉ង់ ឲ្យចម្រាញ់សារធាតុ អ៊ុយរ៉ានីញ៉ូមកំហាប់ខ្ពស់បំផុត ត្រឹម៣,៦៧ភាគរយ និងរក្សាទុកស្តុកសារធាតុ អ៊ុយរ៉ានីញ៉ូម ប្រមាណតិចតួច សម្រាប់អេរ៉ាក់ទ័រ ថាមពលនុយក្លេអ៊ែប៉ុណ្ណោះ ។

លោក Abbas Araqchi បានបន្តថា រដ្ឋាភិបាលអ៊ីរ៉ង់ ក៏គ្រោងផ្លាស់ប្តូរឧបករណ៍ដែលខូចខាត ក្នុងការវាយប្រហារមួយ កាលពីថ្ងៃអាទិត្យ នៅកន្លែងនុយក្លេអ៊ែ Natanz ហើយនិងដំឡើងឧបករណ៍រាប់រយបន្ថែមទៀត ។ អ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានថ្កោលទោសលើអ៊ីស្រាអែល ចំពោះការវាយប្រហារនោះ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top