ភ្នំពេញ ៖ ថ្មីៗនេះ ចិនប្រគល់ មន្ទីរពិសោធន៍តេស្តសំណាក ក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ជូនចំពោះភាគីកម្ពុជា ដែលរៀបចំឡើងតាមរយៈ Video Conference។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី២០ មេសា នេះ បានឱ្យដឹងថាក្នុងពិធីប្រគល់ និងទទួលមន្ទីរពិសោធន៍តេស្តសំណាក ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមអធិតីបភាព លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្រ្តីជាច្រើនរូបទៀត អញ្ជើញមានវត្តមានក្នុងពិធីខាងលើ ផងដែរ។
សូមជម្រាបថា គម្រោងមន្ទីរពិសោធន៍ខាងលើនេះ ត្រូវបានរៀបចំអនុវត្តដោយ រដ្ឋបាលខេត្តយូណាន ប្រទេសចិន និងទទួលបានការសម្របសម្រួលពេញទំហឹងពីក្រសួងសុខាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នជាច្រើនទៀត។ លោក Jiang Wei ប្រធានក្រុមរៀបចំការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុនៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញមានវត្តមានក្នុងពិធីប្រគល់និងទទួលខាងលើ៕