ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសចិនបានបង្ហាញការត្រៀមខ្លួន ជួយប្រទេសឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងនឹងរលកថ្មី នៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងពេលដំបូង ដែលអាចធ្វើទៅបាន ហើយភាគីទាំងពីរកំពុងរក្សា ការប្រាស្រ័យទាក់ទងលើបញ្ហានេះ។
អ្នកនាំពាក្យលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានថា “ប្រសិនបើភាគីឥណ្ឌា ធ្វើសំណើជាក់លាក់នោះប្រទេសចិន នឹងផ្តល់ការគាំទ្រ និងជំនួយក្នុងសមត្ថភាពរបស់ខ្លួន” ។
ការបង្ហាញឆន្ទៈរបស់ភាគីចិន ធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើង យ៉ាងគំហុគនៃការឆ្លងរាលដាល់នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា ទាំងករណីឆ្លង និងស្លាប់ ដែលមួយសប្ដាហ៍ ឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ១លាននាក់។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវិដ-១៩ ជាង ៣០ម៉ឺននាក់ជារៀងរាល់ថ្ងៃ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់ ជាងគេបំផុតនៅលើពិភពលោក ហើយករណីឆ្លងសរុប មានចំនួនច្រើនលំដាប់ទី២ បន្ទាប់ពីអាមេរិក ៕
ដោយ ឈូក បូរ៉ា