ភ្នំពេញ ៖ ក្នុងនាមប្រមុខរដ្ឋាភិបាលខ្លួនស្ថានទូតចិនប្រចាំកម្ពុជាបានលើកឡើងថា ជំនួយវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូស ដែលជាជំហានទី៤ ដឹកបានមកកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាចំណងមិត្តភាព ដូចបងប្អូនរវាងចិន និងកម្ពុជា។
ស្ថានទូតបន្តថា វ៉ាក់សាំងកូវីដ ចំនួន៥០ម៉ឺនដូស ដែលជាជំនួយឥតសំណង ជំហានទី៤ របស់ភាគីចិន ជូនចំពោះភាគីកម្ពុជា បានដឹកជញ្ជូន មកដល់រាជធានីភ្នំពេញ។ នេះគឺជាជំនួយឥតសំណងជា វ៉ាក់សាំងជំហានទី៤ ដែលរដ្ឋាភិបាលចិន ជូនចំពោះកម្ពុជា បន្ទាប់ពីជំហានទី១ចំនួន៦០ម៉ឺនដូស ជំហានទី២ចំនួន៧០ម៉ឺនដូស និងជំហានទី៣ ចំនួន៤០ម៉ឺនដូស ។
ភាគីចិនយកចិត្តទុកដាក់ ចំពោះចំណងមិត្តភាព ដូចបងប្អូនរវាងចិននិងកម្ពុជា ។ ក្នុងកិច្ចការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុស កូវីដ-១៩ រដ្ឋាភិបាល និង ប្រជាជនចិន តែងតែឈរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ ។ នេះបើតាមស្ថានទូតចិនដដែល ។
ប្រភពបានឲ្យដឹងទៀតថា ស្ថិតក្នុងស្ថានភាព ដែលកម្ពុជា កំពុងប្រឈម ជាមួយជំងឺវីរុស យ៉ាងតាងតឹង ភាគី ចិននឹងបន្តជំរុញយ៉ាងមុតមាំ នូវកិច្ចសហប្រតិបត្តិ រវាងប្រទេសទាំងពីរ លើការទប់ស្កាត់ នឹងជំងឺវីរុសតាមគ្រប់មធ្យោបាយ រហូតដល់កម្ពុជា អាចយកឈ្នះលើជំងឺវីរុសមួយនេះទាំងស្រុង។ ចំពោះវ៉ាក់សាំង ដែលបានដឹកជញ្ជូនមកដល់កម្ពុជា នាលើកនេះ ក៏មានវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បន្ថែមទៀត ដែលជាការបញ្ជាទិញ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងនោះសហគ្រាសចិន កំពុងខិតខំផលិតយ៉ាងមមាញឹក ដើម្បីប្រគល់វ៉ាក់សាំងទាំងនេះ ដល់ភាគីកម្ពុជា ទាន់ពេលវេលា ជួយភាគីកម្ពុជា លើការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសមួយនេះ ។ ទាំងនេះបានបង្ហាញ អំពីមនោសញ្ចេតនា ដ៏ជ្រាលជ្រៅបំផុត របស់ប្រជាជនចិន ជូនចំពោះប្រជាជនកម្ពុជា។
ទូតបង្ហាញទៀតថា “យើងជឿជាក់យ៉ាងមុតមាំថា ស្ថិតក្រោមម្លប់បារមីដ៏ត្រជាក់ត្រជំ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជា ប្រាកដជាអាច ពុះពាររាល់ឧបសគ្គ និងអាចយកឈ្នះយ៉ាងជោគជ័យ ជាមួយជំងឺវីរុសកូវីដ-១៩ ក្នុងពេលឆាប់ៗនេះជាមិនខាន” ៕