ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី ប៉ាឡេស្ទីន៖ អ៊ីស្រាអ៊ែល គួរតែគោរព កិច្ចព្រមព្រៀងសន្តិភាព ដែលបានធ្វើ (Video)

បរទេស៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye កាលពីថ្ងៃពុធនេះ បាននិយាយថា ប្រទេសអ៊ីស្រាអ៊ែល គួរគោរពទៅនឹងអ្វី ដែលជាកិច្ចព្រមព្រៀងសន្តិភាពមាន និងធ្លាប់ត្រូវបានចុះហត្ថលេខា ដើម្បីអាចដំណើរការ និងដោះស្រាយបញ្ហានយោបាយ ឲ្យបានល្អប្រសើរជាងនេះ។

លោកនាយករដ្ឋមន្ត្រីរូបនេះ បានថ្លែងនៅក្នុងអំឡុងពេល ដែលលោកកំពុងជួបពិភាក្សា ជាមួយនឹងអតីតអ្នកតំណាង របស់អាមេរិក ប្រចាំនៅក្នុងតំបន់ West Bank លោក Robert Wexler ។

លោក Ishtaye បានប្រាប់ទៅលោក Wexler ថាដើម្បីអាចដំណើរការសន្តិភាព ជាមួយនឹងគ្នាបានអ៊ីស្រាអ៊ែល ត្រូវតែផ្តល់ឲ្យ និងបង្កើតសេចក្តីទុកចិត្ត រវាងគ្នាជាមុនសិន។

សហគមន៍អ៊ឺរ៉ុប កន្លងមកថ្មីៗនេះ បានអំពាវនាវឱ្យអ៊ីស្រាអែល ចាប់ផ្តើមចាត់វិធានការជាក់ស្តែង និងធ្វើឱ្យប្រសើរឡើង នូវការរស់នៅ របស់ប្រជាជនប៉ាឡេស្ទីន ហើយបន្ទាប់ចាប់ផ្តើមរៀបចំដំណើរការ នយោបាយដ៏ពិតប្រាកដមួយ ដែលរួមចំណែក ដល់ការសម្រេចបាន នូវដំណោះស្រាយដ៏ល្អបំផុត សម្រាប់រដ្ឋទាំងពីរ៕ ប្រែសម្រួល៖ស៊ុនលី

To Top