ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រារព្ធ ធ្វើសន្និសីទ ស្តីពី បច្ចេកវិទ្យានិងសំណង់

បរទេស៖យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើសន្និសីទមួយ ដែលនិយាយអំពីបច្ចេកវិទ្យានិងសំណង់។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់ទីក្រុងព្យុងយ៉ាង KCNA បានរាយការណ៍ថា សន្និសីទនោះ បានប្រារព្ធធ្វើឡើងពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ និងរៀបចំធ្វើឡើងដោយអគ្គសហព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់កូរ៉េ។

ផ្នែកនៃបច្ចេកវិទ្យានៃសន្និសីទនោះ បានផ្តោតលើការបន្តការអប់រំសម្រាប់និស្សិត ដោយមិនមានការអាក់ខាន សូម្បីតែក្នុងស្ថានភាពមានអាសន្ននានា រួមមានទាំងវិបត្តិសុខាភិបាលសាធារណៈ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ។

ចំណែកសម្រាប់ផ្នែកនៃសំណង់ អ្នកវិទ្យាសាស្ត្រ វិស្វករនិងសាស្ត្រាចារ្យរបស់ប្រទេស កូរ៉េខាងជើង មកពីគណៈកម្មការសំណង់រដ្ឋធានី និងសាកលវិទ្យាល័យស្ថាបត្យកម្មព្យុងយ៉ាង បានធ្វើការចែករំលែកអំពីការស្រាវជ្រាវរបស់ពួកគេ។

គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍគោលនយោបាយ បច្ចេកវិទ្យាកូរ៉េខាងជើង ដែលត្រូវគ្នានឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងកម្មវិធីវៃឆ្លាត AI៕

To Top