កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយអភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យ មន្ទីរពិសោធន៍វិភាគសំណាក ជំងឺកូវីដ១៩ និងរៀបចំទីតាំង ដាក់ម៉ាស៊ីនផលិតអុកស៊ីស៊ែន ក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ។
បើតាមប្រធានបន្ទីរពេទ្យ ខេត្តកំពង់ចាម លោក យិន ស៊ីណាត បានឲ្យដឹងថា ថ្មីៗនេះមន្ទីរពេទ្យ បានរៀបចំមន្ទីរពិសោធន៍មួយ ដើម្បីពិនិត្យសំណាកវិភាគ ជំងឺកូវីដ១៩ ដោយប្រើប្រាស់ម៉ាស៊ីនកម្រិតមធ្យម អាចពិនិត្យ បានមួយថ្ងៃ ចំនួន ១០០ ករណី ។ ហើយបច្ចុប្បន្នកំពុង ធ្វើការសាកល្បង ដែលលទ្ធផលទាំងអស់ ត្រូវបានយកទៅផ្ទៀងផ្ទាត់ នៅវិទ្យាស្ថានប៉ាស្ទ័រ និងវិទ្យាស្ថានសុខភាពសាធារណៈ មួយរយៈសិន រហូតមានលទ្ធផលដូចគ្នា ទើបមន្ទីរពិសោធន៍ ខេត្តកំពង់ចាម នឹងមានលទ្ធភាព ចេញលទ្ធផល ដោយផ្ទាល់តែម្ដង អំពីវីរូសជំងឺកូវីដ១៩នេះ ។
លោកប្រធានមន្ទីរពេទ្យឲ្យដឹងទៀតថា ជាមួយនឹងការចុះពិនិត្យមន្ទីរពិសោធន៍របស់ថ្នាក់ដឹកនាំខេត្តកំពង់ចាមនេះដែរ លោកអភិបាលខេត្ត បានពិនិត្យមើលទីតាំង ដើម្បីដាក់ម៉ាស៊ីនផលិតអុកស៊ីស៊ែន ដែលជាជំនួយរបស់លោក ហ៊ុន ម៉ានិត ។
លោក យិន ស៊ីណាត បានបញ្ជាក់ថា ម៉ាស៊ីនផលិត អុកស៊ីស៊ែន នេះ មានសមត្ថភាព អាចផលិតអុកស៊ីស៊ែនបាន ក្នុងមួយម៉ោង ចំនួន ១០បំពង់ ។ ក្រោយការពិនិត្យទីតាំង ខាងវីស្វករនិងរៀបចំប្លង់ ដើម្បីធ្វើការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមការឧបត្ថម្ភគាំទ្រ ពីរដ្ឋបាលខេត្តកំពង់ចាម ។