ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងប្រកាស អាសន្ន ពីការវាយប្រហារ ថែមទៀត ក្រោយមនុស្ស៨៥នាក់ បានស្លាប់ ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក នៅកាប៊ុល

បរទេស ៖ កងកម្លាំងទ័ពអាមេរិក ដែលកំពុងជួយជម្លៀសជនជាតិ អាហ្វហ្គានីស្ថានព្យាយាមភៀសខ្លួនគេច ពីការគ្រប់គ្រង របស់ពួកតាលីបង់ កំពុងស្ថិតក្នុងការប្រកាសអាសន្ន សម្រាប់ការវាយប្រហារ ថែមទៀត នៅថ្ងៃសុក្រនេះ ក្រោយមានអ្នកបំផ្ទុះគ្រាប់បែក អត្តឃាតរបស់ក្រុមរដ្ឋឥស្លាម ជ្រុលនិយមមួយរូប បានសម្លាប់មនុស្ស៨៥នាក់ រួមមានទាហាន អាមេរិក ១៣នាក់ផង នៅខាងក្រៅច្រកទ្វារ អាកាសយានដ្ឋាន ទីក្រុងកាប៊ុល ។

ចំណែកមន្ត្រីសុខាភិបាល និងមន្ត្រីពួកតាលីបង់មួយរូប បាននិយាយថា ចំនួនជនជាតិអាហ្វហ្គានីស្ថាន ដែលស្លាប់ បានកើនឡើងដល់ ៧២នាក់ ដោយរួមមាន សមាជិក ពួកតាលីបង់២៨នាក់ផង ប៉ុន្តែមន្ត្រី នាំពាក្យពួកតាលីបង់ ក្រោយមកបានបដិសេធថា គ្មានកងកម្លាំង តាលីបង់ណាមួយ ដែលការពារនៅ ព្រលានយន្តហោះ ត្រូវបានសម្លាប់នោះទេ ។

លោកឧត្តមសេនីយ៍ Frank McKenzie ជាប្រមុខនៃទីបញ្ជាការ កណ្ដាលអាមេរិក បាននិយាយថា មេបញ្ជាការអាមេរិកនានា កំពុងតែរំពឹងថា នឹងមានការវាយប្រហារថែមទៀត ពីពួកក្រុមរដ្ឋឥស្លាមជ្រុលនិយម ដោយរួមទាំងការអាច មានការវាយប្រហារ ដោយគ្រាប់រ៉ុកកែត ឬក៏រថយន្ត បំផ្ទុះគ្រាប់បែក ផ្តោតគោលដៅលើ អាកាសយានដ្ឋាន ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកឧត្តមសេនីយ៍រូបនោះ បានមានប្រសសាន៍ថា “យើងកំពុងតែធ្វើគ្រប់ យ៉ាងទាំងអស់ ដែលយើងអាច ដើម្បីត្រៀមខ្លួន” ហើយលោកបន្ថែមថា ព័ត៌មានសម្ងាត់ ខ្លះ កំពុងតែត្រូវបានចែករំលែកគ្នាជាមួយពួកតាលីបង់ និងថា លោកជឿថា ការវាយប្រហារមួយចំនួន ត្រូវបានរារាំងដោយពួកគេ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top