ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ អំពាវនាវ ឲ្យបណ្ដាប្រទេស ភាគពាយ័ព្យ របស់ប្រទេសនេះ កុំឲ្យមានវត្ដមាន យោធាបរទេស

តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានអំពាវនាវដល់ប្រទេសជិតខាង នៅជុំវិញភាគពាយ័ព្យរបស់អ៊ីរ៉ង់ កុំអនុញ្ញាតឱ្យមានវត្តមាន យោធាបរទេស ហើយបានព្រមានប្រឆាំង នឹងសកម្មភាពបែបនេះថា ជា “ ការជីករណ្តៅ សម្រាប់បងប្អូន” ។

លោក Ayatollah Ali Khamenei ដែលជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានលើកឡើងថា“ វាជាផលប្រយោជន៍ ដ៏សំខាន់បំផុតរបស់តំបន់ សម្រាប់ប្រទេសទាំងអស់ ដើម្បីឱ្យមានកងទ័ពឯករាជ្យ ពឹងផ្អែកលើប្រជាជនរបស់ពួកគេ និងសហការជាមួយកងទ័ព របស់ប្រទេសជិតខាងរបស់ពួកគេ” ។

ថ្លែងតាមរយៈសន្និសីទវីដេអូមេដឹកនាំកំពូលអ៊ីរ៉ង់ បានលើកឡើងថា វាគឺជាការបំភាន់មួយ ដែលគិតថាប្រទេសមួយ អាចធានាសន្តិសុខផ្ទាល់ខ្លួន ដោយពឹងផ្អែកលើមហាអំណាចបរទេសហើយ “អ្នកដែលទទួលរងនូវការបំភាន់នេះ នឹងត្រូវទះកំផ្លៀងភ្លាមៗ” ។

លោក Ayatollah Ali Khamenei បានបន្ថែមថាបញ្ហាសន្តិសុខ នៅក្នុងតំបន់ត្រូវតែដោះស្រាយ ដោយគ្មានការជ្រៀតជ្រែក ពីបរទេសឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មេដឹកនាំកំពូលអ៊ីរ៉ង់ បានបន្តថា“ មនុស្សគ្រប់គ្នាគួរតែដឹងថា អ្នកណាដែលជីករណ្តៅ សម្រាប់បងប្អូនរបស់ខ្លួនឯង ត្រូវតែដួលនៅទីនោះជាមុនសិន” ។

កងកម្លាំងមូលដ្ឋានរបស់កងទ័ពអ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធយោធាដ៏ធំមួយ នៅថ្ងៃសុក្រនេះ តាមបណ្តោយព្រំដែនភាគពាយ័ព្យ ប្រទេសជាមួយអាស៊ែបៃហ្សង់ និងអាមេនី ចំពេលមានភាពតានតឹង ជាមួយអាស៊ែបៃហ្សង់ ទាក់ទងនឹងសិទ្ធិឆ្លងកាត់ សម្រាប់ការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន និងការព្រួយបារម្ភរបស់អ៊ីរ៉ង់ ជុំវិញវត្តមានភេរវករ និងកងកម្លាំងអ៊ីស្រាអែល នៅលើទឹកដីអាស៊ែបៃហ្សង់ ដែលបាគូ បានបដិសេធ៕ ដោយ ឈូក បូរ៉ា

To Top