ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែតុលា ឆ្នាំ២០២១។
ក្រសួងធនធានទឹកបានឲ្យដឹងថា ក្រោយពីឆ្លងកាត់ ប្រទេសហ្វីលីពីន នៅថ្ងៃទី១២ ខែតុលា ព្យុះកុំប៉ាស៊ូ (KOMPASU) លើកទី១៨ បានកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងមានទិសដៅឆ្ពោះមកលិច។ តែនៅថ្ងៃទី១៣-១៤ ព្យុះកុំប៉ាស៊ូ នឹងចូលមកកោះហាយណាំ បន្ទាប់មកចូលខេត្តវិញ ប្រទេសវៀតណាម និងចុងក្រោយថយឥទ្ធិពល ជាវិសម្ពាធមកលើប្រទេសឡាវ។
ដោយឡែកក្នុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលនូវបណ្តាឥទ្ធិពលមាន៖
- នៅថ្ងៃទី១៣-១៤ ខែតុលា ឥទ្ធិពលពីជ្រលងនៃព្យុះ KOMPASU 2118 ក្នុងកម្រិតមធ្យម។
- នៅថ្ងៃទី១៥-១៧ ខែតុលា ឥទ្ធិពលមូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយវិសម្ពាធ ដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង។
-នៅថ្ងៃទី១៨ -១៩ ខែតុលា ទ្រនុងសម្ពាធខ្ពស់ចិននឹងរំកិលចុះមកក្រោម មកដល់ភាគខាងជើងនៃកម្ពុជាយើង។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C - អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម
-តែនៅថ្ងៃទី១៣-១៤ ខែតុលា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គរ និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យមមានជាអាទិ៍ខេត្ត៖ ប៉ៃលិន, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល, តាកែវ, ព្រៃវែង និងរាជធានីភ្នំពេញ។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C - អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។
៣៖ តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
-អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន។ តែនៅថ្ងៃទី១៣-១៥ ខែតុលា អាចមានភ្លៀងច្រើន និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងរលកសមុទ្រខ្ពស់ មានជាអាទិ៍ខេត្ត៖ កោះកុង, ព្រះសីហនុ, កំពត, កែប៕