បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃសៅរ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអះអាងជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងជើង។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោក ស៊ី បានធ្វើការកត់សម្គាល់នៅក្នុងការឆ្លើយតបទៅនឹងសំបុត្រមុនរបស់លោក គីម ជុងអ៊ុន ដើម្បីប្រារព្ធទិវាជាតិចិនលើកទី៧២។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ។
នៅក្នុងការឆ្លើយតបនោះ លោក ស៊ី ជិនពីង បាននិយាយថា លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងកូរ៉េខាងជើង និងចិន ហើយបានបង្ហាញពីឆន្ទៈរបស់លោកក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ។
កូរ៉េខាងជើង និងចិនបានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ ចំពេលមានកិច្ចចរចានុយក្លេអ៊ែរជាប់គាំង រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន និងការកើនឡើងការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាមេរិក។
កន្លងមក លោក គីម បានប្តេជ្ញាថា នឹងលើក “មិត្តភាពទីក្រុងព្យុងយ៉ាង-ប៉េកាំង ទៅកាន់ចំណុចយុទ្ធសាស្ត្រថ្មីមួយ តាមតម្រូវការនៃសម័យកាល និងតាមការចង់បានរបស់ប្រជាជននៃប្រទេសទាំងពីរ”៕
ប្រែសម្រួលៈ ណៃ តុលា