រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ថា គណៈកម្មាធិការមជ្ឈិមនៃប្រទេសមីយ៉ានម៉ា ស្តីពីការបង្ការ ត្រួតពិនិត្យ និងព្យាបាល សម្រាប់ជំងឺកូវីដ-១៩ កាលពីថ្ងៃសៅរ៍ បានប្រកាសពន្យារពេលបន្ថែមទៀតនៃការបិទសាលារៀនទូទាំងប្រទេសរហូតដល់ចុងខែតុលានេះ ។
គណៈកម្មាធិការបានឲ្យដឹងថា វិធានការនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរៀបចំការបើកសាលារៀនឡើងវិញ ។
ក្រសួងសុខាភិបាលបាននឹងកំពុងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់សិស្សមធ្យមសិក្សា និងវិទ្យាល័យដែលមានអាយុលើសពី១២ឆ្នាំ ចាប់តាំងពីថ្ងៃទី១២ ខែតុលា ។
ជាផ្នែកមួយនៃវិធានការប្រឆាំងនឹងជំងឺរាតត្បាត អាជ្ញាធរបានបិទសាលារៀនទាំងអស់ឡើងវិញនៅទូទាំងប្រទេសអាស៊ីមួយនេះចាប់តាំងពីដើមខែកក្កដា ។
យោងតាមការចេញផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃសៅរ៍ មីយ៉ាន់ម៉ា បានកត់ត្រាករណីដែលបានបញ្ជាក់ថ្មីនៃ ជំងឺកូវីដ-១៩ចំនួន១.០៦៧ករណី និងការស្លាប់ចំនួន២០នាក់ទៀតគិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។
ចំនួនសរុបនៃការឆ្លងមេរោគបង្កជំងឺកូវីដ-១៩ បានកើនឡើងដល់៤៩៣.៥៧៦នាក់ដោយមានអ្នកស្លាប់ចំនួន១៨.៥១១នាក់នៅក្នុងប្រទេសនេះ ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ចំនួន២ករណីដំបូងរបស់ខ្លួននៅថ្ងៃទី២៣ ខែមីនាឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា